សម្តេចតេជោ ហ៊ុន សែន មិនអនុញ្ញាតឲ្យអ្នកណាមកបំផ្លាញសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គ្មានគណបក្សណាផ្សេង អាចមកដឹកនាំប្រទេសបានក្រៅពីគណបក្សប្រជាជនកម្ពុជានោះឡើយ ហើយសម្តេចក៏មិនអនុញ្ញាតឱ្យអ្នកណាមកបំផ្លាញសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាបានឡើយ។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានថ្លែងដូចនេះ នៅព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ដែលពិធីនេះធ្វើឡើងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ឯកឧត្តម ហ៊ុន ម៉ាណែត មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការដឹកនាំគណបក្សប្រជាជនកម្ពុជា និងអនុវត្តទៅតាមគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋខ្មែរ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បែបនេះគឺជាការឆ្លើយតបបន្ទាប់ពីក្រុមអ្នកវិភាគច្រំដែលៗមួយចំនួន ដែលបានលើកឡើងម្តងហើយម្តងទៀតថា ការដាក់លោកហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលខាងមុខ គឺជាបក្សពួកនិយម និងលើកបន្ទុកដល់កូនខ្លួនឯងនោះ។
សូមជម្រាបថា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោហ៊ុន សែន កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅត្រូវបានសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតជ្រើសតាំងជាបេក្ខជននាយករដ្ឋមន្ត្រី។ ការបោះឆ្នោតជ្រើសតាំងលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយកររដ្ឋមន្រ្តីបន្តវេនពីសម្តេចតេជោនេះ គឺមានសមាជិក-សមាជិកា គណៈកម្មាធិការកណ្តាលចំនួន៧៧៥នាក់៕