សម្ដេចតេជោ ហ៊ុន សែន ៖ កម្ពុជាមានយុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែង ដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ទៅកាន់សកលលោកថា ទាក់ទងនឹងវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩ កម្ពុជាមានយុទ្ធសាស្ត្រពន្លត់ភ្លើង ជាជាងអង្គុយបក់ផ្សែងតាមរយៈ ពន្លឿនការចាក់វ៉ាក់សាំង។
ថ្លែងទៅកាន់សាកលលោកក្នុងសន្និសីទអន្តរជាតិលើកទី២៦ ស្តីពីអនាគតអាស៊ី ក្រោមប្រធានបទ “ការរៀបចំសម័យកាលថ្មីក្រោយវិបត្តិកូវីដ តួនាទីរបស់អាស៊ីក្នុងការស្ដារពិភពលោកឡើងវិញ”នៅថ្ងៃទី២០ ឧសភា តាមប្រព័ន្ធវីដេអូ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានឆ្លើយតបនឹងសំណួរ ដែលថាទោះ បីកន្លងមកកម្ពុជា មានវិធានការគ្រប់គ្រងបានយ៉ាងល្អប្រសើរ លើការឆ្លងកូវីដ១៩ ប៉ុន្តែរយៈពេលចុងក្រោយនេះ មានការឆ្លងរាលដាលយ៉ាងច្រើន តើកម្ពុជាមានវិធានការបែបណា សម្ដេចបានឆ្លើយតបថា វិធានការបន្ទាប់ពីការឆ្លងរាលដាលច្រើននាពេលកន្លងមកទោះបីជាបានចាត់វិធានការបិទខ្ទប់ នៅតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញ ខេត្តកណ្ដាល ក៏ដូចជាខេត្តដទៃទៀត ប៉ុន្តែការបិទខ្ទប់នេះ គ្រាន់តែបានកាត់បន្ថយការឆ្លងរាលដាល តែប៉ុណ្ណោះ ប៉ុន្តែទោះជាយ៉ាងណាកម្ពុជាមិននៅអង្គុយបក់ផ្សែងទៀតនោះទេ គឺកម្ពុជាមានយុទ្ធសាស្ត្រពន្លត់ភ្លើងជាជាងអង្គុយបក់ផ្សែងតាមរយៈពន្លឿនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលមកដល់ពេលនេះចាក់ជូនពលរដ្ឋបានជាង ២លាននាក់ហើយ។
សូមបញ្ជាក់ជូនថា គិតត្រឹមព្រឹកថ្ងៃទី២២ឧសភានេះ កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ សរុបចំនួន ២៤ ៦៤៥នាក់ អ្នកបានព្យាបាលជាសះស្បើយចំនួាន ១៧ ១៦៤នាក់ និងមានអ្នកស្លាប់ចំនួន ១៦៧នាក់។