សម្ដេចតេជោ ហ៊ុន សែន៖ រដ្ឋាភិបាលចិនផ្ដល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ១លានដូសដល់រដ្ឋាភិបាលកម្ពុជា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរាត្រីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០នេះ ប្រកាសឱ្យដឹងថា រដ្ឋាភិបាលចិន បានផ្តល់វ៉ាក់សាំងជំងឺកូវីដ១៩ ចំនួន ១លានដូសដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។ សម្តេចតេជោ ហ៊ុន សែន បានប្រកាសឱ្យដឹងបែបនេះ តាមរយៈសារសំឡេងជាពិសេសផ្ញើជូនប្រជាពលរដ្ឋនៅតាមបណ្តាញសង្គម។
ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើមឡើយសម្តេចបានប្រកាសពីការទទួលវ៉ាក់សាំង ដែលទទួលស្គាល់ដោយអង្គការសុខភាពពិភពលោក (WHO)។ តែក្នុងបរិបទកម្ពុជា កំពុងទទួលរងការរីករាលដាលដូចពេលបច្ចុប្បន្ន គឺមិនអាចរង់ចាំបានទៀតនោះទេ អាស្រ័យហេតុនេះទើបកម្ពុជាសម្រេចប្រើវ៉ាក់សាំងជំងឺកូវីដ១៩។
ជាមួយនឹងការប្រកាសពីការទទួលបានវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ពីរដ្ឋាភិបាលចិនចំនួន ១លានដូសនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ការចាក់វ៉ាក់សាំងនេះ នឹងធ្វើឡើងដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត។
យោងតាមសារសំឡេងពិសេសរបស់សម្តេចតេជោ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១នេះ សម្តេចតេជោ បានបញ្ជាក់ថា អ្នកដែលនឹងត្រូវទទួលបានវ៉ាក់សាំងកូវីដ១៩មុនគេ រួមមាន៖ អ្នកនៅជុំវិញព្រះមហាក្សត្រ, សម្តេចតេជោ, ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា ព្រមទាំងគ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ នគរបាលយុត្តិធម៌គ្រប់ផ្នែក បុគ្គលិកអនាម័យទាំងអស់ ដែលពាក់ព័ន្ធនឹងការផ្តល់សេវា អ្នករត់ម៉ូតូឌុប ម៉ូតូកង់៣ និងតាក់ស៊ីជាដើម៕