គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    អបអរសាទរ!! ខួបលើកទី​ ៦៧ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២០)

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    អបអរសាទរ!! ខួបលើកទី​ ៦៧ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២០) អបអរសាទរ!! ខួបលើកទី​ ៦៧ឆ្នាំនៃ ទិវាបុណ្យឯករាជ្យជាតិ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២០)

    ភ្នំពេញ៖ នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ ជាខួបលើកទី ៦៧ឆ្នាំ (៩វិច្ឆិកា១៩៥៣-៩វិច្ឆិកា២០២០) នៃទិវាបុណ្យឯករាជ្យជាតិ របស់ព្រះរាជាណាចក្រកម្ពុជា។ ទិវាបុណ្យឯករាជ្យជាតិ តែងតែបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដោយរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនរួមជាតិខ្មែរទាំងអស់ ដើម្បីរំលឹកដល់ថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យភាពពេញបរិបូណ៍ពីអាណានិគមនិយមបារាំង និងក៏ដើម្បីរំលឹកដល់ស្នាមព្រះហត្ថរបស់អតីតព្រះមហាក្សត្រកម្ពុជា សម្តេចព្រះវររាជបិតា សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលទ្រង់បានខិតខំប្រឹងប្រែងទាមទារឯករាជ្យពីអាណានិគមនិយមបារាំង។
    ជាកស្ដែង នៅព្រឹកនៅថ្ងៃទី៩ វិច្ឆិកានេះ ទិវាបុណ្យឯករាជ្យជាតិ ខួបលើកទី៦៧ បានរៀបចំប្រារព្ធធ្វើឡើងយ៉ាងមហោឡារិកនៅវិមានឯករាជ្យដែលតំណាង នៃឯករាជ្យភាពកម្ពុជា ក្រោមព្រះរាជធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះមហាក្សត្រព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ ព្រះករុណាជាអម្ចាស់ បានយាងប្រទានភ្លើងជ័យ ជានិមិត្តរូបនៃជ័យជំនះ សុខសន្តិភាព និងឯករាជ្យពេញបរិបូរណ៍របស់កម្ពុជា។

    ក្នុងពិធីនេះ​គេឃើញមាន​ថ្នាក់ដឹកនាំសំខាន់ៗ ជាច្រើនផងដែររួមមាន៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា,សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា , សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមទាំងមន្ត្រីរាជការសមាជិករាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និង ប្រជាពលរដ្ឋរាប់ពាន់នាក់។

    សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ពុំមានវត្តមាននៅក្នុងពិធីនោះទេ ដោយសម្តេចជាប់នៅក្នុងបំរាមការធ្វើចត្តាឡីស័ក រយៈពេល១៤ ថ្ងៃ ក៏ប៉ុន្តែទោះបីមិនបានចូលរួមដោយផ្ទាល់តែសម្តេចបានបង្ហោះសារចូលរួមអបអរសាទរ នៅក្នុងផេកហ្វេសបុកផ្លូវការរបស់សម្តេចផងដែរ៕

    អត្ថបទទាក់ទង