សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ជាង ១ពាន់គ្រួសារ នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី ២៤ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតដែលបានទទួលរងគ្រោះដោយទឹកជំនន់ចំនួន ១.៣៨២គ្រួសារ រស់នៅក្នុងភូមិចំនួន៤៦ ក្នុងសង្កាត់ចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
គ្រួសាររងគ្រោះនីមួយៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង ទឹកត្រី ៦ដប ទឹកសុទ្ធអរុណា ១កេស និងឃីត ១កញ្ចប់ (មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត២) ។ បន្ថែមពីនេះ គ្រួសាររងគ្រោះទាំងអស់នៅបានទទួល នំប៉័ងបាក់យ៉ុង ១ដើម និងទឹកសុទ្ធ ១ដប ដែលឧបត្ថម្ភដោយសាលារាជធានីភ្នំពេញ។
សូមជម្រាបជូនថា នៅក្នុងខណ្ឌពោធិ៍សែនជ័យនេះ មានសង្កាត់ចំនួន៧ ក្នុងនោះមានសង្កាត់ចំនួន៦ ដែលទទួលរងគ្រោះដោយទឹកជំនន់ ដែលមានផ្ទះចំនួន ៤.០៥២ខ្នង រងផលប៉ះពាល់ និងមានប្រជាពលរដ្ឋរងគ្រោះសរុប ១.៣៨២គ្រួសារ (ស្មើនឹង ១៨.៤២២នាក់)៕