សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កម្លាំងប្រដាប់អាវុធ, សមាជិកបក្សប្រជាជនកម្ពុជា និងបក្សដទៃទៀត រួមគ្នាការពាររបបរាជានិយម

នៅព្រឹកថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្តអញ្ជើញសំណេះសំណាល និង ផ្តល់ស្រូវពូជ ជូនដល់ប្រជាកសិករចំនួន ៣៤៦០ គ្រួសារ ថែមទៀត ដែលរងគ្រោះដោយសារគ្រោះទឹកជំនន់ នៅក្នុងខេត្តកំពង់ឆ្នាំង។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រធានគណបក្សភ្លើងទៀន និងមន្ត្រីគណបក្សភ្លើងទៀន សូមចេញមុខបកស្រាយពីទំនាក់រវាងគណបក្សភ្លៀងទៀន និងទណ្ឌិតសម រង្ស៊ី ដែលកំពុងប្រមាថព្រះមហាក្សត្រយ៉ាងធ្ងន់ធ្ងរជាទីបំផុត បើមិនមិនចង់មានបញ្ហាដល់គណបក្សភ្លើងទៀន។
ក្នុងនោះផងដែរសម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទប្រុងប្រៀបត្រៀមខ្លួន ទប់ទល់នឹងចលនាប្រមាថយ៉ាងធ្ងន់ធ្ងរ លើព្រះករុណា ព្រះមហាក្សត្រ និងមានបំណងចង់ផ្តួលរំលំរាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវដល់បក្សនយោបាយនានា និងប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមងើបឡើង ប្រឆាំងនឹងជនក្បត់ជាតិឈ្មោះទណ្ឌិត សម រង្ស៊ី ហៅអាក្បត់ជាតិ ៣ជំនាន់៕
សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សំឡេងខ្សែអាត់ និងវីដេអូ សន្ទនារវាងបុគ្គលទណ្ឌិត សម រង្ស៊ី និងគូកន នៅក្រៅប្រទេស មានទិសដៅប្រមាថយ៉ាងធ្ងន់ធ្ងរលើព្រះករុណា ព្រះមហាក្សត្រ និងមានគោលបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងមានបំណងប្តូររបបនៅកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់ប្រជាពលរដ្ឋឱ្យរួមគ្នាការពារសន្តិភាព ដែលយើងរកបានដោយលំបាក។ សម្តេចបញ្ជាក់ថា «មានសន្តិភាព ទើបយើងមានការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ»៕