សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខ កុមារកំព្រា និងកុមារគថ្លង់ នៅខេត្តសៀមរាប
សៀមរាប៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានជួបសំណេះសំណាល និងនាំយកអំណោយមនុស្សធម៌ ជូនលោកគ្រូ អ្នកគ្រូ និងប្អូនៗកំព្រា និងកុមារគថ្លង់ចំនួន ២៦៥នាក់ មកពីមជ្ឈមណ្ឌលកុមារកំព្រា និង វិទ្យាស្ថានអប់រំពិសេស ខេត្តសៀមរាប កាលរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅវិទ្យាល័យអប់រំពិសេស ខេត្តសៀមរាប ។
នាឱកាសនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានមានប្រសាសន៍សំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងប្អូនៗកុមារគថ្លង់ និងសួរសុខទុក្ខអំពីស្ថានភាពរស់នៅ និងការរៀនសូត្ររបស់ប្អូនៗ ដែលរស់នៅក្នុងមជ្ឈមណ្ឌលកុមារកំព្រាខេត្តសៀមរាប និងប្អូនៗរស់នៅវិទ្យាល័យអប់រំពិសេស ខេត្តសៀមរាប។
សម្ដេចប្រធាន ក៏បានណែនាំលោកគ្រូអ្នកគ្រូ ជួយណែនាំ និងក្រើនរំឮកដល់ប្អូនៗត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ត្រងត្រាប់ស្ដាប់ដំបូន្មានរបស់លោកគ្រូ អ្នកគ្រូ ដើម្បីជាសិស្សល្អ កូនល្អផង។ជាមួយគ្នានោះ សម្ដេចប្រធាន សូមឱ្យលោកគ្រូ អ្នកគ្រូ និងប្អូនៗទាំងអស់ត្រូវអនុវត្ដឱ្យបានខ្ជាប់ខ្ជួននូវវិធានរបស់ក្រសួងសុខាភិបាលក្នុងការការពារជំងឺកូវីដ-១៩ ព្រោះថា ជំងឺនេះឆ្លងមិនរើសមុខទេ មិនថា កុមារកំព្រា កុមារគថ្លង់ ឬអ្នកណាឡើយ ហេតុនេះហើយ យើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង កុំឱ្យវាឆ្លងចូលដល់សហគមន៍ឱ្យសោះ។សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ក៏បានផ្ដល់អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន. សម្រាប់វិទ្យាល័យអប់រំពិសេស ខេត្តសៀមរាប មានអង្ករ២តោន មី៤កេសធំ ត្រីខ១០កេសតូច ទឹកក្រូច២០កេស ទឹកបរិសុទ្ធ២០យួរ ផ្លែទំពាំងបាយជូ១២កេស ផ្លែសារី៥កេស ផ្លែប៉ោម២កេស ផ្លែខ្វិច៧កេស ផ្លែក្រូចលឿង២កេស ផ្លែស្រកានាគ២កេស ផ្លែមៀន១កញ្ច្រែង នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់ នំធុង៨ធុង ស្ករគ្រាប់១៥កញ្ចប់ធំ។សម្រាប់មជ្ឈមណ្ឌលកុមារកំព្រា ខេត្តសៀមរាប មានអង្ករ១តោន មី២កេសធំ ត្រីខ៥កេសតូច ទឹកក្រូច១០កេស ទឹកបរិសុទ្ធ១០យួរ ផ្លែទំពាំងបាយជូ៦កេស ផ្លែសារី២កេស ផ្លែប៉ោម១កេស ផ្លែក្រូចខ្វិច៤កេស ផ្លែក្រូចលឿង២កេស ផ្លែមៀន១កញ្ច្រែង នំអេសប៊ី៩៥កញ្ចប់ នំដាយនូស័រ១៨០កញ្ចប់ នំធុង៧ធុង ស្ករគ្រាប់១៥កញ្ចប់ធំ។លោកគ្រូ អ្នកគ្រូ ចំនួន៤៥នាក់ ម្នាក់ៗទទួលបាន ក្រណាត់ស១ដុំ និងថវិកា ១សែន២ម៉ឺនរៀល។ កុមារកំព្រា និងកុមារគថ្លង់ ចំនួន ២២០នាក់ ម្នាក់ទទួលបាន៖ ក្រណាត់សដុំនិងថវិកា៣ម៉ឺនរៀល។
នាឱកាសនេះដែរសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន ក៏បានឧបត្ថម្ភថវិកាចំនួន ៥ពាន់ដុល្លារអាមេរិកដើម្បីរៀបចំម្ហូបអាហារសម្រាប់ប្អូនៗកុមារបានញ៉ាំជួបជុំគ្នាផងដែរ។
លោកស្រី ហុង ធារី នាយិកាវិទ្យាល័យអប់រំពិសេសសៀមរាប មានប្រសាសន៍ថា វិទ្យាល័យអប់រំពិសេសសៀមរាបបង្កើត មកដល់បច្ចុប្បន្នមានរយ:ពេល២១ឆ្នាំហើយ។ សិស្សគថ្លង់ និងសិស្សពិការភ្នែករៀនតាមកម្មវិធីរបស់ក្រសួងអប់រំ ដោយបកប្រែពីសៀវភៅសិក្សាគោលគ្រប់មុខវិជ្ជា ជាភាសាសញ្ញាខ្មែរសម្រាប់បង្រៀនសិស្សថ្លង់ និងអក្សរប្រៃយ៍ខ្មែរសម្រាប់បង្រៀនសិស្សពិការភ្នែក ហើយរៀនពេញមួយថ្ងៃ។ សិស្សគថ្លង់ចាប់ពីថ្នាក់ទី៥ និងសិស្សពិការភ្នែកចាប់ពីថ្នាក់ទី៣ ដោយបច្ចុប្បន្នមានអាគារចំនួន ១២ខ្នង សម្រាប់ថ្នាក់រៀន និងសម្រាប់សិស្សមកពីឆ្ងាយៗស្នាក់នៅផងដែរ។ចាប់ពីឆ្នាំ២០០០រហូតដល់បច្ចប្បន្ននេះ សិស្សគថ្លង់ និងសិស្សពិការភ្នែកមានការងារធ្វើចំនួន១៣០នាក់ មានស្រីចំនួន៦០នាក់ នៅតាមក្រុមហ៊ុននានា សណ្ឋាគារ ផ្ទះសំណាក់ផ្សេងៗក្នុងខេត្តសៀមរាប៕