សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស និងកម្មករនិយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩
ភ្នំពេញ៖ តាមរយៈសារលិខិតក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី១៣៦ ទិវាពលកម្មអន្តរជាតិ ១ឧសភា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបន្តអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស និងបងប្អូនកម្មករនិយោជិត ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងអនុវត្តឲ្យបានហ្មត់ចត់បំផុត នូវវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ តាមរយៈការអនុវត្តវិធាន «៣ការពារ និង ៣កុំ»
សម្តេចបានមានប្រសាសន៍ថា ទោះបីជាស្ថិតក្នុងស្ថានភាពដ៏លំបាក នៃជំងឺកូវីដ-១៩ ក៏ដោយ រាជរដ្ឋាភិបាលនៅតែខិតខំបន្តរក្សាការងារ ដែលមានស្រាប់ និងបង្កើតការងារថ្មីគ្រប់ប្រភេទជូនប្រជាពលរដ្ឋ ដែលនាំឱ្យផលប៉ះពាល់លើចំនួនការងារស្ថិត ក្នុងកម្រិតមួយដែលអាចគ្រប់គ្រងបាន។ ជាក់ស្ដែង រោងចក្រ សហគ្រាសចំនួន ១ ១០៣ បានបើកដំណើរការថ្មី ដែលផ្តល់ការងារដល់កម្មករនិយោជិតសរុបជាង ៦ម៉ឺននាក់បន្ថែម។
ជាមួយនឹងសមិទ្ធផលគួរជាទីមោទនៈលើវិស័យការងារសម្តេចក៏បញ្ជាក់ថាជាអកុសល វិបត្តិ នៃការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោក និងបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចសកល ហើយប្រទេសកម្ពុជាក៏មិន អាចចៀសផុតពីផលប៉ះពាល់យ៉ាងធំធេងក្នុងសង្គម-សេដ្ឋកិច្ចនេះផងដែរ ហើយដើម្បីធ្វើការឆ្លើយតបទៅនឹងវិបត្តិ នៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ចំនួន ៧ជុំ រួចមកហើយ។
សម្តេចតេជោបន្តថា ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានបណ្តាលឱ្យករណីវិជ្ជមាន នៃជំងឺកូវីដ-១៩ កើនឡើងយ៉ាង គំហុក និងគួរឱ្យព្រួយបារម្ភ ព្រមទាំងបានឆក់យកអាយុជីវិតអ្នកឆ្លងជំងឺកូវីដ-១៩ ផងដែរ។ រាជរដ្ឋាភិបាលបាន បន្តដាក់ចេញនូវកញ្ចប់វិធានការអន្តរាគមន៍ជុំទី៨ ដើម្បីបន្តគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចនៅក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩នេះ ក្នុងគោលបំណង (១) កាត់បន្ថយផលប៉ះពាល់មកលើស្ថានភាពសង្គម សេដ្ឋកិច្ចដែលបណ្តាលមកពីការឆ្លងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ, (២) បន្តសុពលភាពនៃវិធានការដែល បានដាក់ចេញនាពេលកន្លងមក ដែលនឹងផុតកំណត់ក្នុងពេលឆាប់ៗខាងមុខ , (៣) បន្តដាក់ចេញ និងអនុវត្តនូវ វិធានការទ្រទ្រង់ និងស្តារអាជីវកម្ម និងធុរកិច្ច ឱ្យងើបឡើងវិញ ដើម្បីចូលរួមជំរុញកំណើនសេដ្ឋកិច្ចក្នុងបរិការណ៍ ក្រោយវិបត្តិនៃជំងឺកូវីដ-១៩ និង (៤) បន្តជួយទំនុកបម្រុងជីវភាពប្រចាំថ្ងៃរបស់គ្រួសារក្រីក្រ និងងាយរងគ្រោះ តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដែលរួមមាន៖
១-វិធានការបន្តជួយវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និង វិស័យទេសចរណ៍បន្ទាប់ពី រោងចក្រ សហគ្រាស និងអាជីវកម្ម ក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង ផលិតផលធ្វើដំណើរនិងកាបូប និងវិស័យទេសចរណ៍ ទទួលបានលិខិតអនុញ្ញាតឱ្យព្យួរកិច្ចសន្យាការងារពី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្អែកតាមលក្ខខណ្ឌនៃការព្យួរកិច្ចសន្យាការងាររាជរដ្ឋាភិបាល៕