គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឡាវ នាទី​ក្រុងបាងកក

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៦ ខែតុលា ឆ្នាំ២០២២​ |
    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឡាវ នាទី​ក្រុងបាងកក សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រធានរដ្ឋសភា​ឡាវ នាទី​ក្រុងបាងកក

    បន្ទាប់ពីអញ្ជើញដល់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីចូលរួមវេទិកាសភាអាស៊ី ប៉ាស៊ីហ្វិក លើកទី៣០ ដែលសភាប្រទេសថៃធ្វើជាម្ចាស់ផ្ទះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានឆ្លៀតពេលទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម សាយ សំភូន ភូមវិហាន  ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នារសៀលថ្ងៃពុធទី២៦ ខែតុលា ឆ្នាំ២០២២។

    នៅក្នុងជំនួបនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និង ឯកឧត្តម សាយ សំភូន ភូមវិហាន បានវាយតម្លៃខ្ពស់ និងអបអរសាទរ ចំពោះលទ្ធផលដ៏ត្រចះត្រចង់ នៃជំនួបពិភាក្សាទ្វេភាគីរវាងសម្តេច  និងឯកឧត្តមប្រធានរដ្ឋសភា កាលពីពេលថ្មីៗនេះ នៅក្នុងដំណើរទស្សនកិច្ចរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន នៅប្រទេសឡាវ ដែលជំនួបពិភាក្សាការងារកាលនោះ ប្រធានរដ្ឋសភាប្រទេសទំាងពីរបានឯកភាពគ្នា ធ្វើបច្ចុប្បន្នភាពអនុស្សរណៈ (MoU) រវាងសភាទាំងពីរ ដែលមានស្រាប់នេះ ឱ្យកាន់ល្អប្រសើរថែមទៀត ឆ្លើយតបទៅនឹងតម្រូវការ និងផលប្រយោជន៍របស់ស្ថាប័នយើងទាំងពីរ ក៏ដូចជាផលប្រយោជន៍រួមរបស់ប្រជាជាតិទាំងសងខាង ព្រមទាំងស្របទៅនឹងសភាពការណ៍វិវឌ្ឍនៅក្នុងតំបន់ និងសកលលោក ។

    ឯកឧត្តម សាយ សំភូន ភូមវិហាន បានបញ្ជាក់ជម្រាប  សម្តេចថា  ឯកឧត្តមនឹងដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅកម្ពុជា  និងចូលរួមមហាសន្និបាតAIPA លើកទី៤៣ ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅចុងខែវិច្ឆិកា ខាងមុខនេះ។ ជាមួយគ្នានេះ ឯកឧត្តម បានអបអរសាទរចំពោះការអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ និងស្នើសម្តេចជួយជំរុញអ្នកវិនិយោគកម្ពុជា ទៅបណ្តាក់ទុនឱ្យច្រើននៅក្នុងប្រទេសឡាវ។

    ឯកឧត្តមប្រធានរដ្ឋសភាឡាវ បានថ្លែងអំណរគុណដល់រដ្ឋសភាកម្ពុជា ដែលបានទទួលយកមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាឡាវចំនួន២៥នាក់ បានទៅសិក្សានិងដកស្រង់បទពិសោធន៍ក្នុងការរៀបចំមហាសន្និបាតAIPA ផងដែរ។

    សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតម្លៃខ្ពស់ ចំពោះប្រសាសន៍របស់ឯកឧត្តម ដែលបានឆ្លុះបញ្ចាំងពីវឌ្ឍនភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងក្របខណ្ឌនីតិប្បញ្ញត្តិ។ សម្តេចបានគូសបញ្ជាក់ថា រដ្ឋសភាប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមក  ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ក្នុងនោះវេទិកាអន្តរសភាតំបន់ និងពិភពលោក។

    សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍លើកឡើងថា រដ្ឋសភាប្រទេសទាំងពីរក៏តែងបានជំរុញ  និងគាំទ្រ និងលើកទឹកចិត្តដល់បក្ស និងរដ្ឋាភិបាលរៀងៗខ្លួន ក្នុងកិច្ចសហការគ្នាកាន់តែជិតស្និត និងស៊ីជម្រៅ ហើយសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន ជូនប្រជាជាតិទាំងសងខាង៕

    អត្ថបទទាក់ទង