កម្ពុជា-វៀតណាម ប្ដេជ្ញាបំពេញចំណុចខ្វះខាត នៃកិច្ចព្រមព្រៀងមួយចំនួនឲ្យកាន់តែល្អប្រសើរ
វៀតណាម៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ និងឯកឧត្តម ផាម ម៉ិញជិញ នាយករដ្ឋមន្ត្រីវៀតណាម បានប្ដេជ្ញារួមគ្នា ខិតខំបំពេញនូវចំណុចខ្វះខាតមួយចំនួននៃកិច្ចព្រមព្រៀមនានា រវាងប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរ ដើម្បីបម្រើដល់ផលប្រយោជន៍ ប្រជាជនទាំងសងខាង។
ក្នុងដំណើរទស្សនកិច្ចនៅប្រទេសវៀតណាមកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានជួបពិភាក្សាការងារជាមួយឯកឧត្ដម ផាម ម៉ិញជិញ ដោយភាគីទាំងពីរ បានលើកឡើងពីសារៈសំខាន់ នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យរវាងកម្ពុជា-វៀតណាម បានផ្តល់ផលប្រយោជន៍ដល់ប្រជាជនទំាងសងខាង ។
ជាមួយនេះភាគីទាំងពីរ បានប្តេជ្ញាចិត្តរួមគ្នាជំរុញទំនាក់ទំនងរវាងបក្សរដ្ឋ និងប្រជាជន នៃប្រទេសទំាងពីរ ឲ្យកាន់តែរឹងមាំថែមទៀត ជាពិសេសរួមគ្នាក្នុងការអនុវត្តរាល់កិច្ចព្រមព្រៀមដែលមានស្រាប់ ឲ្យកាន់តែមានប្រសិទ្ធភាព ហើយចំណុចណាបានអនុវត្តល្អ បន្តខិតខំឲ្យកាន់តែល្អ ចំណុចណាពុំទាន់មានលទ្ធផលល្អ នឹងខិតខំធ្វើឲ្យប្រសើរឡើង ។
ក្នុងឱកាសនោះ នាយករដ្ឋមន្រ្តីវៀតណាម ស្នើសម្តេចប្រធានរដ្ឋសភា បន្តគំាទ្រ និងជំរុញដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ចប្រទេសទំាងពីរឲ្យកាន់តែមានកំណើនឡើង ខណៈនៅឆ្នាំ២០២១ ទំហំពាណិជ្ជកម្មកម្ពុជា-វៀតណាម មានទំហំទឹកប្រាក់ប្រមាណ ១០ពាន់លានដុល្លារ ហើយនៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មសម្រេចបានប្រមាណ ៧ពាន់លានដុល្លារទៅហើយ ហើយបច្ចុប្បន្ននេះ មានគម្រោងវិនិយោគរបស់ប្រទេសវៀតណាមចំនួន ១៨៨ កំពុងវិនិយោគនៅកម្ពុជា ។
សម្តេចមហាពញាចក្រី ហេង សំរិន បានបញ្ជាក់ថា បើទោះបីស្ថិតក្នុងដំណាក់កាលប្រឈមវិបត្តិជំងឺកូវីដ-១៩ ក្តី កម្ពុជា-វៀតណាម ក៏នៅតែបន្តអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ ជាអាទិ៍ វិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើម ៕