សម្ដេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូលស្ដីពីការប្ដេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ
ភ្នំពេញ៖ នៅថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២០ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងសុន្ទរកថា ក្នុង “កិច្ចប្រជុំកំពូលស្តីពីការប្តេជ្ញាចិត្តពាក់ព័ន្ធនឹងអាកាសធាតុ”តាមរយៈ ប្រព័ន្ធវីដេអូអនឡាញ។
សម្ដេចតេជោ បានមានប្រសាសន៍ថា យើងទាំងអស់គ្នាបានឯកភាពថា ការប្រែប្រួលអាកាសធាតុគឺជាការពិត ។ ប្រទេសជាច្រើនបានទទួលរងនូវផលប៉ះពាល់ដោយផ្ទាល់ រួមទាំងកម្ពុជា ដែលទើបតែរងនូវផលប៉ះពាល់ ដោយទឹកជំនន់នាពេលថ្មីៗនេះ ។ ទោះបីជាប្រទេសកម្ពុជាចូលរួមចំណែកតិចតួចក្នុងការបញ្ចេញ ឧស្ម័នផ្ទះកញ្ចក់សកលក្តី កម្ពុជានៅតែមានការប្តេជ្ញាចិត្តខ្ពស់ អាស្រ័យតាមធនធាន និងសមត្ថភាព ចូលរួមដោះស្រាយនូវបញ្ហានេះ ។
សម្ដេចតេជោបន្តថា នៅក្នុងរបាយការណ៍បច្ចុប្បន្នភាព ស្តីពីការចូលរួមចំណែករបស់ជាតិដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុ ដែលកម្ពុជាត្រៀមដាក់ជូនទៅលេខាធិ-ការដ្ឋានអនុសញ្ញាសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) នាដំណាច់ឆ្នាំនេះ កម្ពុជាបានបញ្ចូលនូវគោលដៅថ្មីច្បាស់លាស់ពាក់ព័ន្ធនឹងការកាត់បន្ថយ ការបញ្ចេញឧស្ម័ន ប្រមាណ ៣៨,៩ លានតោនសមមូលឧស្ម័នកាបូនិក រួមបញ្ចូលទាំងក្នុងវិស័យព្រៃឈើ, វិស័យ សំណល់ និងកសិកម្ម ឬ ស្មើនឹង ១៨ភាគរយ ធៀបនឹងសេណារីយ៉ូតាមទម្លាប់ធម្មតា (Business As Usual) នៅត្រឹមឆ្នាំ ២០៣០ ។ គោលដៅថ្មីនេះក៏រួមបញ្ចូលការផលិតអគ្គិសនីពីថាមពលកកើតឡើងវិញចំនួន ២៥ ភាគរយ នៅក្នុងល្បាយថាមពល (Energy Mix) នៅឆ្នាំ២០៣០ ។
ទន្ទឹមនេះដែរ ការប្រែប្រួលអាកាសធាតុជាបាតុភូតប្រទាក់ក្រឡាគ្នា ដែលត្រូវដោះស្រាយតាមមធ្យោបាយជាកញ្ចប់គ្រប់ជ្រុងជ្រោយ ទាំងលើទិដ្ឋភាពសង្គម, សេដ្ឋកិច្ច និងបរិស្ថាន។ ជាការពិត ការដោះស្រាយបញ្ហាដែលកើតចេញពីការប្រែប្រួលអាកាសធាតុប្រកបដោយប្រសិទ្ធភាព នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចិរភាព និងបរិយាប័ន្ននាពេលអនាគត។ ក្នុងន័យនេះ កាប្រែប្រួលអាកាសធាតុជាបញ្ហារបស់យើងទាំងអស់គ្នា ប្រទេសទាំងអស់ត្រូវតែស្រុះដៃគ្នា និងអនុវត្តនូវកាតព្វកិច្ចរបស់ប្រទេសនីមួយៗ ដូចដែលមានចែងនៅក្នុងផែនការយុទ្ធសាស្រ្ត, យន្តការនានា និងកិច្ចព្រមព្រៀងកន្លងមក។ ក្នុងស្មារតីជាប្រទេស ដែលមានការទទួលខុសត្រូវខ្ពស់ និងកាត់បន្ថយនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុជាអតិបរិមា កម្ពុជាបានប្តេជ្ញារៀបចំយុទ្ធសាស្រ្តរយៈពេលវែង ដើម្បីសម្រេចបាននូវអព្យាក្រឹតភាពកាបូន (Carbon Neutrality) ដែលការរៀបចំនេះនឹងប្រព្រឹត្តទៅនៅឆ្នាំ ២០២១ ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដើម្បីឱ្យការអនុវត្តនូវយុទ្ធសាស្រ្តរយៈពេលវែងនេះទទួលបានជោគជ័យ កម្ពុជាសូមអំពាវនាវប្រទេសអភិវឌ្ឍន៍ទាំងអស់បំពេញឱ្យបានពេញលេញនូវកាតព្វកិច្ច ដែលបានសន្យា ទាំងការគាំទ្រផ្នែកហិរញ្ញវត្ថុ និងការផ្ទេរបច្ចេកវិទ្យា៕