សម្ដេចតេជោ ហ៊ុន សែន ចែករំលែកនូវការគិតគូរចំនួន ៧ចំណុច ដល់សន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ២០២២
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសន្និសីទចក្ខុវិស័យប្រទេសកម្ពុជាឆ្នាំ ២០២២ ក្រោមប្រធានបទ «ការស្តារកម្ពុជាឡើងវិញពីវិបត្តិនៃជំងឺកូវីដ-១៩៖ ការអភិវឌ្ឍប្រកបដោយនិរន្តរភាព បន្ទាប់ពីជំងឺកូវីដ-១៩» ។
ថ្លែងក្នុងឱកាសនោះដែរ សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា សម្រាប់ទិសដៅទៅមុខ ក្នុងបរិការណ៍ដែលពោរពេញ ទៅដោយភាពស្មុគស្មាញ និងភាពមិនប្រាកដប្រជាខ្ពស់ រាជរដ្ឋាភិបាលនឹងផ្តល់អាទិភាពដល់ការកសាងភាពធន់ នៃសេដ្ឋកិច្ចជាតិ ដូចបានកំណត់នៅក្នុង«ក្របខណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្ដារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី សម្រាប់ឆ្នាំ ២០២១-២០២៣ » ។
សម្ដេចបន្តថា ដើម្បីជាធាតុចូលបន្ថែមដល់សន្និសីទនាថ្ងៃនេះ ខ្ញុំសូម ចែករំលែកនូវការគិតគូរ និងទិសដៅរបស់រាជរដ្ឋាភិបាល ដូចខាងក្រោម៖
ទី១. បន្ថែមពីលើការចាក់វ៉ាក់សាំង រាជរដ្ឋាភិបាលនឹង ជំរុញការវិនិយោគលើវិស័យសុខាភិបាល ដើម្បីរៀបចំប្រព័ន្ធសុខាភិបាលមួយដ៏រឹងមាំ ដែលអាច ជួយ និងការពារប្រជាជនពីជំងឺកូវីដ-១៩ ក៏ដូចជាជំងឺរាតត្បាតផ្សេងទៀត ដែលអាចកើតមានឡើងជាយថាហេតុនាពេលអនាគត
ទី២. ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម គឺជាការវិនិយោគ លើប្រជាជន និងការផ្តល់សន្តិសុខសេដ្ឋកិច្ចជូន ប្រជាជន ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះ ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលនឹងបន្តពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្តប់ឱ្យកាន់តែចំទិសដៅ ជាពិសេសតាមរយៈការជំរុញ និងលើក ទឹកចិត្តឱ្យប្រជាជន ដែលស្ថិតនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យចូលក្នុងប្រព័ន្ធ ដើម្បីទទួលបានកិច្ចគាំពារផ្សេងៗ
ទី៣. ការអភិវឌ្ឍធនធានមនុស្ស ទាំងចំណេះនិងជំនាញ គឺជាកត្តាចាំបាច់មិនអាចខ្វះបានក្នុងការ លើកកម្ពស់ផលិតភាពសេដ្ឋកិច្ច និងការផ្លាស់ប្តូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីសេដ្ឋកិច្ចដែលពឹងផ្អែកលើកម្លាំងពលកម្ម ដែលមានជំនាញទាបឱ្យទៅជាសេដ្ឋកិច្ច ដែលពឹងផ្អែកលើជំនាញ និង បច្ចេកវិទ្យា
ទី៤. ថ្វីត្បិតតែសេដ្ឋកិច្ចកម្ពុជាពឹងផ្អែកខ្លាំងលើការ វិនិយោគផ្ទាល់ពីបរទេស និងការនាំចេញសហ- គ្រាសធុនតូចនិងមធ្យម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ច ដែលចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការបង្កើត មុខរបរ និងការងារជូនដល់ប្រជាជនកម្ពុជា ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកំណត់យកការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ជាអាទិភាព ចម្បងមួយ តាមរយៈការផ្តល់ការគាំទ្រផ្នែក-បច្ចេកទេសនិងហិរញ្ញវត្ថុ ការកែសម្រួលបរិយាកាស ធុរកិច្ច និងការលើកទឹកចិត្តឱ្យមានការចូលរួម ក្នុងសេដ្ឋកិច្ចក្នុងប្រព័ន្ធជាដើម
ទី៥. បច្ចេកវិទ្យាឌីជីថលបានបោះជំហានយ៉ាងលឿន ហើយបានក្លាយជាកាតាលីករក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ មិនថាស្ថិតក្នុងកម្រិតអភិវឌ្ឍន៍បែបណានោះឡើយ បច្ចេកវិទ្យាឌីជីថល អាចមានសក្តានុពលខ្ពស់ និងទូលំទូលាយក្នុងការផ្តល់លទ្ធភាពឱ្យបណ្តាប្រទេស ដែលមានសេដ្ឋកិច្ចកំពុងលូតលាស់ ឬ កំពុងអភិវឌ្ឍ អាចចាប់យកបច្ចេកវិទ្យាថ្មីៗ និងលោតផ្លោះពីឧស្សាហកម្មប្រពៃណីទៅឧស្សាហកម្មទំនើបបាន ក្នុងរយៈពេលដ៏ខ្លី ។ ដូចនេះ កម្ពុជាត្រូវចាប់យកឱ្យបាននូវកាលានុវត្តភាពដ៏ធំធេងនេះ តាមរយៈការជំរុញការអនុវត្តឱ្យបានល្អប្រសើរនូវ «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ » « គោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២ – ២០៣៥ » និងគោលនយោបាយពាក់ព័ន្ធផ្សេងទៀត
ទី៦. ការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចបៃតង និង ភាពធន់ទៅនឹងអាកាសធាតុ ក៏ជាផ្នែកមួយចាំបាច់សម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការគាំទ្រ ការពង្រីកកិច្ចសហប្រតិបត្តិការលើការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង ការជំរុញការធ្វើអន្តរ-កាលថាមពល និងការប្រើប្រាស់បច្ចេកវិទ្យា-បៃតងជាដើម
ទី៧. កិច្ចការងារធំៗ ដែលខ្ញុំបានលើកខាងលើពិតជាត្រូវការធនធានហិរញ្ញវត្ថុ ទាំងពីវិស័យឯកជន និង វិស័យសាធារណៈ ។ ឈរលើស្មារតីនេះ ការបន្តពង្រឹងស្ថិរភាព ពិពិធកម្មវិស័យហិរញ្ញវត្ថុ ក៏ដូចជាការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូលប្រកបដោយភាពធន់ និងបរិយាបន្ន ដោយមានការចូលរួមពីវិស័យឯកជន គឺពិតជាមានសារៈសំខាន់។