គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    កម្ពុជា សម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាង ១០លាននាក់

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអាទិត្យ ទី៣១ ខែតុលា ឆ្នាំ២០២១​ |
    កម្ពុជា សម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាង ១០លាននាក់ កម្ពុជា សម្រេចការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាង ១០លាននាក់

    ភ្នំពេញ៖ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី តាមរយៈហ្វេសប៊ុកនៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បាន​បញ្ជាក់ថា​ កម្ពុជាបាន​ចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានជាង១០លាននាក់រួចហើយ ដែលនេះជោគជ័យដ៏ធំធេង ក្នុងក្របខណ្ឌ នៃខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា។ សម្ដេចតេជោ ក៏បាន​អបអរសាទរចំពោះអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងលេខរៀងទី១០ លានផងដែរ គឺបានទៅលើអ៊ុំស្រី ឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប។

    សម្ដេចតេជោ​ បាន​សរសេរនៅលើហ្វេសប៊ុកយ៉ាងដូច្នេះថា «នៅថ្ងៃនេះកម្ពុជាយើងបានចាក់វ៉ាក់សាំងការពារកូវីដ-១៩ បាន១០លាន៨៨នាក់រួចហើយ គឺស្មើនឹងជាង១០០% នៃប្រជាពលរដ្ឋ១០លាននាក់ដែលត្រូវចាក់វ៉ាក់សាំង។ នេះជាជោគជ័យធំធេងណាស់នៅក្នុងក្របខ័ណ្ឌ នៃខឿនការពារសុខភាពរបស់ប្រជាជនយើង។ ទោះបីយើងចាក់វ៉ាក់សាំងបានជាង ១០លាននាក់ស្មើនឹងជាង១០០% នៃចំនួនគ្រោងដំបូងក៏ដោយក៏យើងនៅមានប្រជាជនរាប់ម៉ឺននាក់ទៀត ដែលមិនទាន់បានចាក់វ៉ាក់សាំងដែលយើងត្រូវបន្តចាក់វ៉ាក់សាំងជូនឱ្យបានគ្រប់ៗគ្នា។ ក្រៅពីប្រជាជនដែលមានអាយុ ១៨ឡើងចំនួនជាង ១០លាននាក់​បានចាក់វ៉ាក់សាំង យើងក៏បានចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យអាយុ ១២ទៅ១៨ឆ្នាំ បានចំនួន១.៧៨៨.៨០២នាក់ដែលស្មើនឹង៩៧.៨៩% និងកុមារអាយុពី ៦ដល់១២ បានចំនួន ១.៩២០.៥៩៩នាក់ស្មើនឹង១០១.២២%។

     គិតសរុបយើងបានចាក់វ៉ាក់សាំងជូនជនរួមជាតិយើងចំនួន ១៣.៧០៩.៤៨៧នាក់ស្មើនឹង៨៥.៦៨% នៃប្រជាជនសរុប ១៦លាននាក់។ កិច្ចការបន្តរបស់យើងគឺត្រូវបញ្ចប់ការចាក់ដូសទី២សម្រាប់អ្នកដែលបានចាក់ដូសទី១ និងបន្តចាក់ជូនប្រជាជនដែលមិនទាន់បានចាក់វ៉ាក់សាំងដូសទី១។ វាកាន់តែសំខាន់ជាងនេះទៀតគឺយើងត្រូវតែបន្តការខិតខំចាក់វ៉ាក់សាំងដូសទី៣ ជូនប្រជាជនយើងឱ្យខាងតែបានដែលមកដល់ពេលនេះយើងមានវ៉ាក់សាំងក្នុងដៃប្រមាណជិត១០លានដូសនិងមានមនុស្សបានចាក់វ៉ាក់សាំងដូសទី៣ប្រមាណជិត២លាននាក់រួចមកហើយ។វ៉ាក់សាំងនឹងមកដល់ជាបន្តបន្ទាប់ទៀត។

    ថ្ងៃស្អែក១វិច្ឆិកា២០២១យើងនឹងចាប់ផ្តើមចាក់ជូនកុមារអាយុ៥ឆ្នាំដែលមានជាង ៣០ម៉ឺននាក់បន្តទៀត។ជាមួយនិងការកោតសសើរ និងថ្លែងអំណរគុណចំពោះគ្រប់តួអង្គពាក់ព័ន្ធដែលបានចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារកូវីដ-១៩។»

    ជាមួយគ្នានេះដែរ សម្ដេចតេជោ បាន​អំពាវនាវបងប្អូនជនរួមជាតិបន្តអនុវត្តវិធានការ​ការពារ​តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសវិធានការ «៣ការពារ និង៣កុំ» ព្រោះថាវ៉ាក់សាំងតែមួយមុខបើទោះបីចាក់បានប៉ុន្មានដូសរហូតមុជវ៉ាក់សាំងក៏មិនអាចការពារបានដែរប្រសិនជាបងប្អូនធ្វេសប្រហែសបោះបង់ចោលវិធីការពារខ្លួនតាមរយៈវិធានការ «៣ការពារ និង៣កុំ»

    សម្ដេចតេជោ ហ៊ុន​ សែន​ ក៏បាន​អបអរសាទរចំពោះអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩ លេខរៀងទី១០លាន គឺអ៊ុំស្រី ឈ្មោះ សុខ ផាត់ អាយុ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាបខេត្តសៀមរាប ។ អ៊ុំស្រី ឈ្មោះ សុខ ផាត់ នឹងទទួលបាន​ជំនួយថវិកា ១០លានរៀល ព្រមទាំងសម្ភារផ្សេងទៀតទៅប្រគល់ជូនតាមរយៈលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស​៕

    អត្ថបទទាក់ទង