សម្ដេចតេជោ ហ៊ុន សែន ៖ កត្តាធំបំផុត គឺសន្តិភាព មានសន្តិភាពទើបកម្ពុជាមានការអភិវឌ្ឍគ្រប់យ៉ាងដូចសព្វថ្ងៃ
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធជាផ្លូវការសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (HYATT Regency Phnom Penh) ដែលជាការវិនិយោគរបស់ក្រុមហ៊ុន ជីប ម៉ុង ក្នុងថវិកាវិនិយោគសរុប ១៨០លានដុល្លារអាមេរិក។
សម្ដេចតេជោ បានបញ្ជាក់ថា ការបើកសម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនូវ សណ្ឋាគារហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ(HYATT Regency Phnom Penh) គឺជាសមិទ្ធផលមួយទៀត សម្រាប់សង្គមខ្មែរទាំងមូល ខណៈសណ្ឋាគារនេះ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់ប្រជាជនកម្ពុជា។ សម្តេចតេជោបន្តថា សម្ដេចមានមោទនភាព និងអរគុណចំពោះក្រុមហ៊ុន ជីប ម៉ុង និងបណ្ដាក្រុមហ៊ុនដទៃទៀត ដែលបានបណ្ដាក់ទុនវិនិយោគ ដើម្បីការរីកចំរើន និងអភិវឌ្ឍនៅកម្ពុជា ដោយការវិនិយោគនេះធ្វើទៅបានដោយសារប្រទេសជាតិមានសុខសន្តិភាព។
ក្នុងឱកាសនោះដែរសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា សន្តិភាព គឺជាកត្តាធំបំផុត ដែលមិនអាចឲ្យអ្នកណាបំផ្លិចបំផ្លាញ នូវសន្តិភាពដែលកម្ពុជារកបានដោយលំបាកនោះឡើយ ហើយសន្តិភាពនេះបានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានការអភិវឌ្ឍគ្រប់បែបយ៉ាងរហូតដល់សព្វថ្ងៃនេះ ជាក់ស្តែងរាជធានីភ្នំពេញនេះតែម្តង។ សម្តេចបន្តថា សន្តិភាព គឺត្រូវតែពង្រឹងមិនត្រូវឲ្យប្រទេសប្រតិកិរិយាណា មកបំផ្លាញបាននោះឡើយ ហើយអ្នកណាថាអ្វីក៏ថាទៅចុះ ការធ្វើនេះគឺដើម្បីភាពសុខសាន្តរបស់ប្រជាពលខ្មែរតែមួយគត់៕