សម្ដេចតេជោ ហ៊ុន សែន៖ «សូមបងប្អូនកុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់»
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បន្តអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ កុំចេញក្រៅផ្ទះ ប្រសិនបើគ្មានការចាំបាច់នោះទេ និងត្រូវឧស្សាហ៍ដូសលាងសម្អាតដៃជាមួយសាប៊ូ ចិល ឬទឹកអាកុល។
សម្ដេចតេជោបានសរសេរនៅលើហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា « អរគុណបងប្អូនជនរួមជាតិដែលបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និងអរគុណចំពោះការយោគយល់របស់បងប្អូនក្នុងពេលដែលប្រទេសជាតិយើងកំពុងស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។»
សម្ដេចតេជោបន្តថា «ដោយសារពេលនេះជំងឺកូវីដ-១៩ កំពុងវាយលុកក្នុងសហគម សូមបងប្អូនកុំចេញក្រៅផ្ទះប្រសិនបើគ្មានការចាំបាច់។ ត្រូវតែពាក់ម៉ាសដាច់ខាត និងត្រូវឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ចិល, ឬទឹកអាកុល។ ប្រសិនបើចាំបាច់ត្រូវជួបមនុស្សនៅខាងក្រៅ ត្រូវរក្សាគម្លាតអោយឆ្ងាយពីគ្នាយ៉ាងហោចណាស់ ១ម៉ែត្រកន្លះ។ ចំពោះអ្នកធ្វើចត្តាឡីស័កគឺត្រូវធ្វើអោយបានត្រឹមត្រូវហ្មត់ចត់បំផុតតាមការណែនាំរបស់ក្រសួងសុខាភិបាល។ សូមជូនពរបងប្អូនជនរួមជាតិចៀសផុតពីជំងឺឆ្លងកូវីដ-១៩ ហើយសូមបន្តអនុវត្តន៍តាមវិធានការ ៣ការពារ និង ៣កុំអោយបានត្រឹមត្រូវខ្ជាប់ខ្ជួន៕»