ទូតអ៊ីស្លាមប៉ាគីស្ថានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ
ភ្នំពេញ៖ ឯកឧត្តម ហ្សាហៀរូឌីន បាបា ថាហ៊ីម ឯកអគ្គរដ្ឋទូតអ៊ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការកោតសរសើរ អបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះប្រទេសកម្ពុជាក្នុងការគ្រប់គ្រងជំងឺកូវីដ-១៩ ប្រកាសដោយជោគជ័យ។
ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជាបានទទួលនូវសមិទ្ធផលដ៏អស្ចារ្យក្នុងការគ្រប់គ្រងសេដ្ឋកិច្ច និងការគ្រប់គ្រងជំងឺកូវីដ-១៩ ហើយប្រទេសកម្ពុជាបានបើកដំណើរការពេញលេញឡើងវិញ។ ជាពិសេសក្នុងរយៈកាលថ្មីៗនេះ មិនមានការឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ឡើយ។
ការកោតសរសើរនេះបានបញ្ជាក់ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅវិមានព្រឹទ្ធសភានាព្រឹកថ្ងៃសុក្រ ទី២៧ ខែឧសភា ឆ្នាំ២០២២ ។
ឯកឧត្តមបានកត់សម្គាល់ថា ក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ គឺជាពេលវាលាដ៏លំបាកសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ អាស្រ័យដោយពិភពលោកបានជួបប្រទះនូវការរីករាលដាលនៃជំងឺកូវីដ-១៩។
ឯកឧត្តមឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ តាមរយៈបេកសកកម្មការទូតរបស់ឯកឧត្តមនៅព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរបន្ថែមទៀត៕