គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន ផ្តល់​អនុសាសន៍​៤​ចំណុច ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានជោគជ័យ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន សែន ផ្តល់​អនុសាសន៍​៤​ចំណុច ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានជោគជ័យ សម្ដេចតេជោ ហ៊ុន សែន ផ្តល់​អនុសាសន៍​៤​ចំណុច ដើម្បី​ត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ បានជោគជ័យ

    ភ្នំពេញ៖ ក្នុងឱកាសបើកកិច្ចប្រជុំ ក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ានប៉ារ៉ាហ្គេម និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍នៅព្រឹក​ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២នេះ​ សម្ដេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់អនុសាសន៍គន្លឹះ​៤​ចំណុច ដើម្បីត្រៀម​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​ស៊ីហ្គេម និង​អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងមុខឲ្យ​ទទួល​​បានជោគជ័យ។

    សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសនថា ដើម្បីត្រៀម​ធ្វើជាម្ចាស់​ផ្ទះ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​ដ៏ធំ​ជាប្រវត្តិសាស្រ្តនេះ​ឱ្យទទួលបានជោគ​ជ័យ​ខ្ពស់សម្ដេចសូមដាក់ចេញគោលការណ៍ និង​ផ្ដល់​អនុសាសន៍គន្លឹះបន្ថែមមួយចំនួន រួមមាន៖

    ទី១. គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ត្រូវយក​ចិត្តទុកដាក់លើគ្រប់មុខសញ្ញា គ្រប់គ្រងព្រឹត្តិការណ៍សំខាន់ៗឱ្យបានរួចរាល់ និងទាន់ពេល ​ពិសេសការងារដែលត្រូវការពេលយូរ ត្រូវចាប់ផ្ដើមពីពេលនេះតទៅ ដូចជា​ការ​ជួសជុល​កែលម្អទីលាន​ប្រកួតការរៀបចំប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា ជីអឹមអេស  (GMS) ការ​រៀបចំ​ពិធីបើក និងពិធីបិទ​ ព្រមទាំង​ការរៀបចំកន្លែងស្នាក់នៅ ហូបចុក និងដឹកជញ្ជូនជាដើម ។ ជាមួយនេះ ត្រូវជំរុញឱ្យបានខ្លាំងថែមទៀត ក្នុងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡា    រួមទាំង​កីឡា​ល្បុក្កតោខ្មែរ ​និងកីឡាយុទ្ធគុនឥណ្ឌូណេស៊ី ដែលមានឈ្មោះថា ស៊ីឡាត់  (Silat) ដែល​ទទួល​បាន​ការឯកភាព ជួយពីឯកឧត្តមរដ្ឋមន្ត្រីការពារជាតិនៃប្រទេសឥណ្ឌូនេស៊ី និង កីឡា​យូដូ ពីឯកឧត្តមអតីតឯកអគ្គរដ្ឋទូតជប៉ុន  ។

              ទី២. អំពាវនាវសារជាថ្មី​ដល់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​រដ្ឋ និងឯ​កជន​ចូល​រួមយុទ្ធនាការ​ផ្សព្វផ្សាយ និងយុទ្ធនាការលាងសម្អាតផ្ទះ និងសង្គមយើង តាមរយៈយុទ្ធនាការ  “ប្រជាជន ម្នាក់​លេង​កីឡា​មួយមុខយ៉ាងតិចប្រចាំជីវិត​ ”​ “កម្ពុជាស្អាត បដិសណ្ឋារកិច្ចល្អ សេវាល្អ”​  “ កម្ពុជា​កាត់​បន្ថយ​គ្រោះថ្នា​ក់​ចរាចរណ៍​​ និង​កាត់​បន្ថយ​ឥទ្ធិពល​គ្រឿងញៀន” និង “កីឡារស់​ក្នុង​សន្តិភាព​” ឱ្យ​បាន​ផុស​ផុល​ទាំង​​ក្នុង និងក្រៅប្រទេស ។

              ទី៣. ស្នើក្រសួងអប់រំយុវជន និងកីឡា ពិនិត្យ លទ្ធភាពពន្យារវិស្សមកាលតូចក្នុង​អំឡុង​ពេល​ចូលឆ្នាំខ្មែរប្រពៃណីជាតិរហូតដល់ថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២៣ ដើម្បី​ផ្តល់​ឱកាស​ឱ្យសិស្ស-និស្សិត​ចូល​រួម​បម្រើ​ការងារ​ជា​អ្នក​ស្ម័គ្រ​ចិត្ត និង​ចូល​រួម​អបអរ​សាទរ​លើក​ទឹក​ចិត្ត​កីឡាករ កីឡាការិនីជាតិ-អន្តរជាតិ  ។

              ទី៤. អំពាវនាវបណ្តាប្រទេសសមាជិកស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម  មេត្តា​ផ្តល់​នូវ​ការ​គាំទ្រ​ក្នុង​គ្រប់ទម្រង់តាមដែលអាចធ្វើទៅបាន ដើម្បីឱ្យការរៀបចំការប្រកួតកីឡាស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ទទួលបានជោគជ័យ ។

    សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាបានរង់ចាំរយៈពេល ៦៤ ឆ្នាំ ទើប​សម្រេច​ចិត្តយក​ឆ្នាំ​២០២៣ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និង អាស៊ានប៉ារ៉ាហ្គេម ។ យើង​បាន​ខក​ខាន​ចាប់​យកឱកាសនេះ ជា​ច្រើនលើកច្រើនសារ ដើម្បីត្រៀមខ្លួនប្រកបដោយសមត្ថភាព ពេញ​លេញ និងកៀរគរធនធានចាំបាច់ គ្រប់គ្រាន់ សម្រាប់ រៀប​ចំការ​ប្រកួត​កីឡា​ថ្នាក់​តំបន់​ដ៏​ធំ​នេះ​ឱ្យ​បានល្អ និងរលូន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

    សម្ដេចតេជោបានគូសបញ្ជាក់ដែរថា នយោបាយ​គ្មាន​ស្តង់​ដារ​ពិត​ប្រាកដ​ទេ ប៉ុន្តែ​កីឡា​មាន​ស្តង់ដារ​​សកលពិតប្រាកដ មាន​ច្បាប់​កីឡា​តែមួយ មានបទបញ្ជាការ​ប្រកួត​កីឡា​តែមួយ និង​មាន​គោលដៅ​តែមួយ គឺការកសាងពិភពលោកមួយល្អប្រសើរ និង​ ការរួមចំណែកយ៉ាងសំខាន់​ដល់សុខសន្តិភាព និងស្ថិរភាពសង្គម។ ​បច្ច័យវិជ្ជមាន និងផលប្រយោជន៍កីឡាលើកទឹកចិត្ត​ឲ្យ​យើង​ទាំង​អស់គ្នា ខិតខំប្រឹងប្រែង ពង្រឹងកិច្ចសហការគ្នាក្នុង​ ស្មារតីបុរេសកម្ម និង​អន្តរសកម្ម​ក្នុង​ការ​កសាង​វិស័យកីឡាជាតិនីមួយៗឱ្យបានផុសផុល រីកចម្រើនជាលំដាប់។

    សូមបញ្ជាក់ថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះលើកដំបូង នៃការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ​ស៊ី​ហ្គេម​លើក​ទី​៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ កម្ពុជា បាន​ចាប់​ផ្តើម​រាប់​ថយ​ក្រោយរយៈពេល៣០០ថ្ងៃ ឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី០៨ ខែ​កក្កដា ឆ្នាំ២០២២៕

    អត្ថបទទាក់ទង