គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន​ សែន​ លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា-ជប៉ុន យកចិត្តទុកដាក់​​ហ្វឹកហ្វឺន​រួមគ្នា​លើការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម

    ដោយ៖ យូ វីរៈ​​ | ថ្ងៃសុក្រ ទី២៩ ខែមេសា ឆ្នាំ២០២២​ |
    សម្ដេចតេជោ ហ៊ុន​ សែន​ លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា-ជប៉ុន យកចិត្តទុកដាក់​​ហ្វឹកហ្វឺន​រួមគ្នា​លើការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម សម្ដេចតេជោ ហ៊ុន​ សែន​ លើកទឹកចិត្តឲ្យកងទ័ពកម្ពុជា-ជប៉ុន យកចិត្តទុកដាក់​​ហ្វឹកហ្វឺន​រួមគ្នា​លើការសង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម

    ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ កម្ពុជា-ជប៉ុន បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា ​ជាពិសេស​លើការ​ហ្វឹកហ្វឺន​រួមគ្នា លើ​ការងារ​សង្គ្រោះបន្ទាន់ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម។

    សម្ដេចតេជោ ហ៊ុន សែន​ បាន​មានប្រសាសន៍យ៉ាងដូច្នេះក្នុងឱកាសដែល​សម្ដេច​អនុញ្ញាតឲ្យ​ឯកឧត្តម យ៉ាម៉ាហ្សាគី កូជី (Yamazaki Koji) អគ្គសេនាធិការចម្រុះកងទ័ពស្វ័យការពារ នៃប្រទេសជប៉ុន ចូលជួបពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

    ក្នុងជំនួបនេះដែរ ឯកឧត្តម យ៉ាម៉ាហ្សាគីកូជី បានគោរពកោត​សរសើរកម្ពុជា​ដែល​បាន​បញ្ជូន​កង​រក្សា​សន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ ទៅទូទាំងពិភពលោក។ ឯកឧត្តម​ក៏បាន​គោរព​ជម្រាប​ជូនសម្តេចតេជោថា ដំណើរទស្សនកិច្ច​របស់​ឯកឧត្តម​មកកាន់​ព្រះរាជា​ណាចក្រ​កម្ពុជា​នា​ពេល​នេះ ដើម្បីពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការបន្ថែមទៀត​លើវិស័យ​ការពារជាតិ​ស្រប​ទៅ​តាម​សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំកំពូលទាំងពីរកន្លងមក។

    ឯកឧត្តម យ៉ាម៉ាហ្សាគី បានគោរពជម្រាបជូនសម្ដេចតេជោបន្ថែមថា ឯកឧត្តម បានជួប​ពិភាក្សា​ការងារ​​ជាមួយឯកឧត្តម វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងបាន​ជួបពិភាក្សាការងារជាមួយឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃ​កងយោ​ធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ដោយ​បានពិភាក្សា​អំពី​កិច្ច​សហប្រតិបត្តិ​ការ​រយៈ​ពេល​វែង​លើវិស័យការពារជាតិ ផ្ដោតការយក​ចិត្តទុក​ដាក់​លើការហ្វឹកហ្វឺន​សមយុទ្ធ​សម្រាប់​ជំនួយ​មនុស្សធម៌ សង្គ្រោះបន្ទាន់​ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពីអំពើភេរវកម្មផង និងឈានឆ្ពោះ​ទៅ​ទទួល​បានឥណ្ឌូ-ប៉ាស៊ីហ្វិកសេរី និងបើកចំហផង។

    ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ និងសំដែងនូវការ​គាំទ្រចំពោះ​កិច្ច​ពិភាក្សា​ជាមួយឯកឧត្តម វង្ស ពិសេន និងឯកឧត្តម ហ៊ុន ម៉ាណែត និងចំពោះអ្វី​ដែល​បាន​លើកឡើង​។

    សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យកងទ័ពប្រទេសទាំងពីរ បន្តកិច្ចសហប្រតិបត្តិការ​ជាមួយនឹង​កម្ម​វិធី​ដែល​មានស្រាប់ យកចិត្តទុកដាក់ជាពិសេសលើការហ្វឹកហ្វឺនរួមគ្នា ក្នុងការ​សង្គ្រោះ​​បន្ទាន់​ពីគ្រោះមហន្តរាយ និងទប់ស្កាត់អំពើភេរវកម្ម។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានជូនពរឯកឧត្តម យ៉ាម៉ាហ្សាគី ឲ្យទទួលបាននូវភាពជោគជ័យការងារជាបន្តបន្ទាប់ទៀត៕

     

    អត្ថបទទាក់ទង