សម្ដេចតេជោ ហ៊ុន សែន៖ គម្រោងចាក់វ៉ាក់សាំងនៅថ្ងៃទី១០កុម្ភៈ នឹងត្រូវលប់ចោល
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា គម្រោងដែលសម្ដេចគ្រោងចាក់វ៉ាក់សាំងនៅថ្ងៃទី១០កុម្ភៈ នឹងត្រូវលុបចោល ព្រោះប្រភេទវ៉ាក់សាំង Sinopharm ចាក់បានតែមនុស្សមានអាយុពី១៨ឆ្នាំ ដល់៥៨ឆ្នាំប៉ុណ្ណោះ។
សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ជនរួមជាតិជាទីគោរពស្រឡាញ់! ខ្ញុំទើបបានទទួលព័ត៌មានតាមរយៈក្រសួងសុខាភិបាលដែលបានទទួលលិខិតផ្លូវការពីការិយាល័យ នៃទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មប្រចាំស្ថានទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះ ស៊ីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ តែប៉ុណ្ណោះ។ សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០កុម្ភៈ២០២១នៅមន្ទីរពេទ្យកាល់ម៉ែត្រនឹងត្រូវលុបចោលអាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើនមានអាយុលើសពី៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ។»
បើទោះជាយ៉ាងនេះក្ដីសម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ដែរថា សម្រាប់កម្មវិធីចេញទៅទទួលជំនួយវ៉ាក់សាំងនៅព្រលានយន្តហោះនាល្ងាចថ្ងៃទី៧កុម្ភៈនៅរក្សាទុកដដែល៕