គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​​ ហ៊ុន សែន​ ក្នុងពិធីប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យជាតិគ្រប់គ្រង

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី១៧ ខែតុលា ឆ្នាំ២០២២​ |
    ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​​ ហ៊ុន សែន​ ក្នុងពិធីប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យជាតិគ្រប់គ្រង ប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ​​ ហ៊ុន សែន​ ក្នុងពិធីប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យជាតិគ្រប់គ្រង

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា​បាន​អញ្ជើញ​ប្រគល់​សញ្ញាប​ត្រ​ដល់​និស្សិតនៃ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រងប្រមាណជាង ៦ពាន់នាក់ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២​នេះ។

    ក្នុងចំណោម និស្សិតជ័យលាភីថ្ងៃនេះ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ, ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ ៩៩.៥ ភាគរយ, និងថ្នាក់បណ្ឌិត ១០០ ភាគរយ កំពុង​មាន​ការងារ​ធ្វើរៀ​ង​ៗ​ខ្លួន​ ដោយឡែកថ្នាក់បរិញ្ញាបត្រចំនួន ៩៦ ភាគរយ មានចំនួន១០.៥ ភាគរយ បាន​និង​កំពុង​ធ្វើ​អាជីវកម្ម​ដោយខ្លួនឯង។

     

    ​ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្ដេចតេជោ ហ៊ុន សែន៖

    ⁃ សម្តេចតេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី បានសម្តែងសមានទុក្ខ និងស្មឹងស្មាត គោរពវិញ្ញាណក្ខន្ធកុមារា កុមារី ដែលទទួលមរណភាពដោយលិចទូក-ដចម្លង កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅឃុំកំពង់ភ្នំ​ ស្រុកលើកដែក ខេត្តកណ្តាល។

    – សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅអាស៊ាន មានសោកនាថកម្មធំៗចំនួន៣រួចមកហើយ នៅឆ្នាំ២០២២នេះ ក្នុងនោះមានការរត់ជាន់គ្នានៅឥណ្ឌូនេស៊ី, ករណីបាញ់ប្រហារនៅប្រទេសថៃ និងករណីលិចទូកដចម្លង នៅប្រទេសកម្ពុជា ដែលទាមទារអោយយើងប្រុងប្រយ័ត្នខ្ពស់លើសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

    – សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវដល់ប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ ចំពោះសុវត្ថិភាពខ្លួនឯង ហើយអាជ្ញាធរក៏ប្រឹងប្រែងដើម្បីប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ស្ទឹង ដែលត្រូវឆ្លងទឹក​ដើម្បីប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

    – សម្តេតេជោ ហ៊ុន សែន មានប្រសាសន៍ពីប្រវត្តិ នៃចាប់ផ្តើមវិស័យអប់រំនៅកម្ពុជាឡើងវិញ បន្ទាប់ពីញាំញីដោយសង្គ្រាម និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលកាលនោះ ការស្វែងរកបណ្ឌិត​ ឬអ្នកចេះមកធ្វើការ មិនមែនជារឿងងាយស្រួលនោះទេ ដោយក្រសួងនីមួយៗប្រឹងប្រែងស្រូបទាញអ្នកចេះដឹងមកធ្វើការ។

    – សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ស្ត្រីដែលមានប្តី និងមានកូនហើយ សូមបន្តការសិក្សារបស់ខ្លួន​​ ដើម្បីអោយមានតុល្យភាពរវាងបុរស និងស្ត្រី​ នាលើការបណ្តុះបណ្តាលកម្រិតឧត្តម អនុបណ្ឌិត និងបណ្ឌិត។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាបានចាប់ផ្តើមវិស័យអប់រំ សិក្សាធិការឡើងវិញពីការរស់រានមានជីវិត ដោយអ្នកចេះច្រើនបង្រៀនអ្នកចេះតិច​ ហើយអ្នកចេះតិចបង្រៀនអ្នកមិនចេះ។

    – សម្តេចតេជោ​ ហ៊ុន សែន បានហៅទណ្ឌិតរត់ចោលស្រុកម្នាក់ឈ្មោះ សម រង្ស៊ី គឺអាចោរក្បត់ជាតិ៣ជំនាន់ ដោយជីតាក្បត់ព្រះមហាក្សត្រ, ឪពុកក៏ក្បត់ព្រះមហាក្សត្រ ហើយខ្លួនឯងក៏ក្បត់ព្រះមហាក្សត្រថែមទៀត។

    – សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសដល់បុគ្គលជាសង្ឃ ដែលសម្តេចហៅថា «អាខ្មៅ» សូមយកលុយ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាលុយខ្មោចរបស់លោកបណ្ឌិតកែមឡីទៅសងគេវិញ ហើយសម្តេចក៏ប្រកាសដល់ប្រជាពលរដ្ឋឱ្យដឹងពីពុតត្បត់ ខូចខិល បោកលុយកាក់ របស់ខូចតាំងខ្លួនជាសង្ឃនោះ។

    – សម្តេចតេជោ ហ៊ុ​ន សែន បានប្រកាសដល់ក្រុមប្រឆាំងក្រៅស្រុកដឹកនាំដោយបុគ្គលទណ្ឌិតរត់ចោលស្រុកឈ្មោះ សម រង្ស៊ី  បើចិត្តសឿងសូមតតាំងគ្នានៅអឺរ៉ុប ក្នុងពេលសម្តេចធ្វើដំណើរទៅព្រុចសែល ប្រទេសប៊ែលហ្សិក នាពេលឆាប់ៗខាងមុខនេះ។

    – សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់អាយុបោះឆ្នោត សូមនាំគ្នាទៅចូលរួមចុះឈ្មោះបោះឆ្នោតនាពេលប៉ុន្មានថ្ងៃខាងមុខនេះ ដែលជាចំណុចចាប់ផ្តើម នៃសិទ្ធិបោះឆ្នោតតាមបែបប្រជាធិបតេយ្យ សេរី ពហុបក្ស ។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់លោក សុខ លូ អភិបាលខេត្តបាត់ដំបង សូមកាត់ដីក្នុងដែនរដ្ឋបាលរបស់ខ្លួនជាប់នឹងខេត្តប៉ៃលិន(តំបន់សមាហរណកម្ម-អតីតសមរភូមិ)ទៅឱ្យរដ្ឋបាលខេត្តប៉ៃលិនគ្រប់គ្រងវិញដើម្បីមានភាពងាយស្រួល យើងមិនអាចធ្វើឱ្យប្រជាពលរដ្ឋរស់នៅក្នុងភាពមិនច្បាស់លាស់បាននោះទេ។ សម្តេចព្រមានថា «បើចៅហ្វាយខេត្តបាត់ដំបងធ្វើមិនកើត សម្តេចនឹងចុះទៅខ្លួនឯងតែម្តង»។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនដែលហាមឃាត់មិនឱ្យមានយន្តហោះដឹកទណ្ឌិត សម រង្ស៊ី មកកម្ពុជានោះទេ តែបើមកដល់កម្ពុជាពេលណា ទណ្ឌិតរូបនោះនឹងត្រូវចាប់បញ្ជូនចូលគុកតែម្តង ព្រោះសាលក្រមតុលាការស្ថាបពរនៅមានជាធរមាននៅឡើយទេ។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា សម្តេចមិនចង់និយាយដល់បុគ្គលទណ្ឌិតរូបនោះឡើយ តែអ្វីដែលសម្តេចលើកឡើងនាពេលនេះ ដើម្បីពន្យល់ទៅកាន់ប្រជាពលរដ្ឋកម្ពុជា អំពីពុតត្បុតដ៏មហាអាក្រក់របស់បុគ្គលនោះចំពោះជាតិ និងប្រជាជនកម្ពុជាតែប៉ុណ្ណោះ។

    – សម្តេចតេជោ ហ៊ុន សែន នៅតែប្រកាសអំពាវនាវដល់ប្រជាពលរដ្ឋ សូមរក្សាការពារខ្លួន ពីការឆ្លងរីករាលដាលជាថ្មីជំងឺកូវីដ-១៩ ដោយរស់នៅតាមគន្លងប្រក្រតីភាពថ្មី ព្រមទាំងនាំគ្នាទៅទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ទាំងដូលមូលដ្ឋាន និងដូសជំរុញនានា តាមការកំណត់របស់ក្រុមគ្រូពេទ្យឱ្យបានគ្រប់ៗគ្នា។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្តាំផ្ញើដល់អ្នកនិយមការរិះគន់ទាំងឡាយ សូមមានសុទិដ្ឋិនិយមចំពោះការរីកចម្រើនរបស់កម្ពុជា ដោយមានការប្រៀបធៀបកម្ពុជាពីអតីតកាល និងបច្ចុប្បន្នកាល។

    – សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជាជាប្រទេសប្រើប្រាស់ប្រេងឥន្ធនៈក្នុងកម្រិតលេខ១០៧ ក្នុងចំណោមជាង ២០០លើពិភពលោក ក្នុងនោះសហរដ្ឋអាមេរិកប្រើប្រាស់ច្រើនជាងគេ ក្នុងរង្វង់ជា១៩លានប៉ារ៉ែលក្នុងមួយថ្ងៃ បន្ទាប់មកមានចិន ,ឥណ្ឌា..។ល។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាលពីភាពអត់ចិត្ត អត់ថ្លើម នៃបក្សនយោបាយនានា ដែលមិនបានសម្តែងសមានទុក្ខ ឬសរសេរសាររំលែកមរណទុក្ខដល់ក្រុមគ្រួសារសព​ ដែលមានកូនៗស្លាប់ ដោយការលិចទូកនៅឃុំកំពង់ភ្នំ ស្រុកលើកដែល ខេត្តកណ្តាល។ សម្តេចបញ្ជាក់ថា «ឪពុកម្តាយក្មេងៗទាំងនោះ ក៏អាចមានអ្នកខ្លះបោះឆ្នោត ឱ្យបក្សនយោបាយទាំងនោះផងដែរ»។

    – សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីវាយតម្លៃផលប៉ះពាលវិស័យកសិកម្ម ជាពិសេសដំណាំស្រូវដោយទឹកជំនន់ភ្លាមៗ ដោយគ្មានរារែក និងអន្តរាគមន៍បន្ទាន់ផ្តល់ពូជស្រូវដល់ប្រជាកសិករ ដើម្បីបន្តបង្កបង្កើនផលឱ្យទាន់ពេលវេលា។ សម្តេចបញ្ជាក់ថា «វាយតម្លៃបានប៉ុន្មាន ផ្តល់ពូជស្រូវដល់ប្រជាកសិករប៉ុណ្ណឹង កុំចាំសរុបរបាយការណ៍ទាំងមូល»។

    – សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់មន្ត្រីកសិកម្មទាំងអស់ ទាំងថ្នាក់ជាតិ និងមូលដ្ឋាន «សូមកុំនាំគ្នាជិះសេះ មើលផ្កា» ដោយត្រូវតាមដាន និងចុះជាប់ ជាមួយប្រជាកសិករ ពីការអន្តរាគមន៍ និងការផ្តល់ពូជស្រូវ និងពូជដំណាំផ្សេងៗដល់ពួកគាត់។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសថា កម្ពុជាមានប្រជាពលរដ្ឋក្នុងរង្វង់១៨ភាគរយរស់នៅក្នុងស្ថានភាពក្រីក្រ ដែលយើងត្រូវអន្តរាគមន៍បន្ទាន់ជួយដល់ពួកគាត់ ជាពិសេសប្រជាពលរដ្ឋក្នុងចំណោមនោះ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ តាមរយៈការអន្តរាគមន៍របស់អាជ្ញាធរមូលដ្ឋាន និងថ្នាក់ជាតិ ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននីមួយៗ។

    – សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសអំពាវដល់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ សូមមានការអនុគ្រោះដល់ប្រជាពលរដ្ឋកម្ចីប្រាក់ ដែលរងផលប៉ះពាល់ដោយគ្រោះទឹកជំនន់ តាមរយៈការពន្យារបង់ប្រាក់សង, បន្ធូរបន្ថយអត្រាការប្រាក់ និងរៀបចំឥណទាន់កម្ចីដល់ពួកគាតឡើងវិញ ដើម្បីស្តារលទ្ធកម្ម។

    – សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសថា​ ទោះជាកម្ពុជារងផលប៉ះពាល់ដោយទឹកជំនន់ទឹកភ្លៀងក៏ពិតមែន តែកម្រិតនៃផលប៉ះពាល់របស់កម្ពុជា នៅតិចជាងប្រទេសថៃ ដោយកម្ពុជា មិនរងជំនន់ក្នុងរាជធានីភ្នំពេញដូចនៅបាងកកឡើយ ហើយជំនន់បណ្តាលមកពីស្ទឹងព្រែកត្នោតក៏គ្មានអ្វីត្រូវព្រួយបារម្ភដែរ ទោះទឹកភ្លៀងនៅបន្តធ្លាក់ខ្លះៗក្តី។

    – សម្តេច ហ៊ុន សែន បានប្រកាសដល់មន្ត្រី ត្រូវវេចបាយ, វេចអង្ករ ចុះជាប់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលរងផលប៉ះពាល់ដោយទឹកជំនន់ និងអន្តរាគមន៍បន្ទាន់ជួយពួកគាត់ «ដោយមិនត្រូវទុកឱ្យប្រជាពលរដ្ឋណាម្នាក់ រងភាពអត់ឃ្លាន ដោយយើងមិនបានដឹង និងមិនបានដោះស្រាយនោះទេ»។

    – សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីសិទ្ធិស្របតាមច្បាប់ ក្នុងការបញ្ចប់មុខតំណែងមន្ត្រីក្នុងតួនាទី និងដែនសមត្ថកិច្ច ដោយមិនរង់ចាំក្រុមអ្នកវិភាគ ឬក្រុមឧទ្ទាមទាំងឡាយទាំងពួងយល់ព្រម ឯកភាពនោះទេ។

    – សម្តេចតេជោ ហ៊ុន សែន ប្រកាសដល់មន្ត្រីរាជរដ្ឋាភិបាល ឬគណបក្សប្រជាជនកម្ពុជា ឱ្យចាំទុកក្នុងចិត្ត បើគូបក្ខដិបក្ខយើងជេរមានន័យថា «យើងកំពុងធ្វើរឿងត្រឹមត្រូវ» បើគេសរសើរមានន័យថា «យើងកំពុងដើរលើផ្លូវខុស»។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «អរ គឺជិតដល់ថ្ងៃងាប់»។

    – សម្តេចតេជោ ហ៊ុន​ សែន បានប្រកាសពីអំពើពុតត្បត់របស់ក្រុមប្រឆាំង ដឹកនាំដោយទណ្ឌិតរត់ចោលស្រុក សម រង្ស៊ី ដែលនៅលើលោកនេះ គ្មានប្រទេសណាដូចឡើយ។ សម្តេចបញ្ជាក់ថា «វាមិនដែលចាញ់ឆ្នោត តែចង់ធ្វើប្រធានរដ្ឋសភា»។

    – សម្តេចតេជោ ហ៊ុន សែន បានប្រកាសជាថ្មីដល់បក្សនយោបាយនានាក្នុងស្រុក ដែលភ្ជាប់ខ្លួនជាមួយជនមានទោស ឈ្មោះ សម រង្ស៊ី នឹងត្រូវមានវិធានការតាមច្បាប់ដោយគ្មានការលើកលែង។ សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា «ត្រកូលអាក្បត់ជាតិ៣ជំនាន់ នឹងមិនត្រូវលើកលែង អត់ឱនឡើយ»។

    – សម្តេតេជោ ហ៊ុន សែន បានប្រកាសថា ទោះមានកាំភ្លើងទំនើប , មានរថក្រោះប៉ុន្មានគ្រឿងក៏ដោយ បើគ្មានការគាំទ្រពីប្រជាពលរដ្ឋទេ នឹងដួលរលំឆាប់ជាមិនខាន ដូចជាសម័យប៉ុលពតខ្មែរក្រហមដូច្នោះដែរ។

    – សម្តេចតេជោ ហ៊ុន សែន បានប្រកាសទប់ នឹងការប៉ោងចំណាយរបស់រដ្ឋ លើសហួសហេតុ ក្នុងនោះមានការរឹងបន្តឹងការចូលមន្ត្រីរាជការថ្មី ដើម្បីកុំឱ្យមានវាសនាដូចប្រទេសស្ត្រីលង្ការ ដែលកំពុងជួបវិបត្តិធ្ងន់ធ្ងរ។

    សង្កថាសម្ដេចតេជោ ហ៊ុន សែន ចប់នៅវេលាម៉ោង០៩ និង២៩នាទី។

    BTVNews

    អត្ថបទទាក់ទង