គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសដកចេញកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងក្រប​ខណ្ឌ​​ទូទាំងប្រទេស លើកលែង​កន្លែងបិទជិត

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសដកចេញកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងក្រប​ខណ្ឌ​​ទូទាំងប្រទេស លើកលែង​កន្លែងបិទជិត សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រកាសដកចេញកាតព្វកិច្ចពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងក្រប​ខណ្ឌ​​ទូទាំងប្រទេស លើកលែង​កន្លែងបិទជិត

    ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ​ ហ៊ុន​ សែន​ បានសម្រេចដកចេញកាតព្វកិច្ច​ពាក់ម៉ាស់នៅតាមទីសាធារណៈ ក្នុងក្របខណ្ឌទូទាំងប្រទេស លើកលែងកន្លែងដែលបិទជិត ដូចជាក្នុងអគារ ឬសាល និងកន្លែងប្រើម៉ាស៊ីនត្រជាក់ហើយមានការជួបជុំ ប៉ុន្តែ​សម្តេច​នៅ​តែ​បន្ត​លើក​ទឹក​ចិត្តឲ្យបងប្អូនពាក់ដដែល។

    តាមរយៈសារជាសំឡេងនៅព្រឹកថ្ងៃទី២៦មេសានេះ សម្ដេចតេជោ​ ហ៊ុន​ សែន បានបញ្ជាក់​ថា ​​ការដែលរាជរដ្ឋាភិបាលសម្រេចដកចេញកាតព្វកិច្ចពាក់ម៉ាស់នេះ គឺបន្ទាប់ពី​បាន​មើល​ឃើញ​ថា​អត្រានៃការឆ្លងរាលដាលមេរោគកូវីដ១៩ មានការធ្លាក់ចុះ ហើយការ​ចាក់វ៉ាក់សាំង​ប្រឆាំង​កូវីដ-១៩​ នេះក៏មានវិសាលភាពសម្រាប់ជនរួមជាតិស្ទើរគ្រប់រូបផងដែរ។  ប៉ុន្តែទោះជាយ៉ាងណា​ក៏ដោយ​សម្ដេចនៅតែអំពាវនាវដោយទទូច​ដល់បងប្អូនបន្ត​ទៅចាក់វ៉ាក់សាំងឲ្យបានគ្រប់គ្នាទាំង​ដូស​មូលដ្ឋាន និងដូសជំរុញ។

    សម្ដេចតេជោបញ្ជាក់ថា កម្រិតទាបបំផុត​នៅ​ក្នុង​ប្រទេស​របស់​យើង​ដែល​បងប្អូន​ដែល​បាន​ចាក់​២​ដូស​រួច​មកហើយ គឺត្រូវបន្តចាក់ដូសទី៣ ។ សម្ដេចបន្ថែមថា​ចៀសវាងការភ័ណ្ឌច្រលំណាមួយថា ទោះបី​ជា​សម្ដេច​បានប្រើពាក្យថា វាដូចជា​កាតព្វកិច្ច ប៉ុន្តែ​វាមិន​ពាក់ព័ន្ធ​ផ្នែក​ផ្លូវ​ច្បាប់​នោះ​ទេ។​ ការ​ប្រើពាក្យ​កាតព្វកិច្ច ប៉ុន្តែអ្វីដែលសម្ដេចនិយាយពីបញ្ហាដូសទី៣នេះ គឺបងប្អូន​ចាក់​ដោយ​ឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត បើទោះបី​ជា​មិន​បាន​ចាក់​ក៏​មិន​មាន​ច្បាប់​មួយណា​តម្រូ​វ​ឱ្យ​មាន​ការ​ផាក​ពិន័យ និងវិធាន​ការរដ្ឋបាល​អ្វីទេ​។ សម្ដេចបន្តថា យើង​កំពុង​តែ​ពិនិត្យ​លទ្ធភាព​លើ​ការ​ចាក់​ដូស​ទី​៥​ សម្រាប់​មន្ត្រីជួ​រ​មុខ​របស់​យើង​ជា​បន្ត​ទៀត​ព្រោះ​យើង​មិន​មាន​ការ​លំបាក​ណាមួ​យ​សម្រាប់​វ៉ាក់សាំង​ចាក់​ជូនបងប្អូន ប៉ុន្តែអ្វីដែល​សម្ដេច​អំពាវនាវ​ចង់​បាន​បំផុត​គឺ​ការ​ទទួល​យក​វ៉ាក់​សាំង​ដូសទី៣ នេះ​តែម្តង​ សម្រាប់​ប្រជាពលរដ្ឋប្រមាណជា ៦ លាន ៤ សែននាក់​ដែល​មិនទាន់​បាន​ទទួល​នូវ​វ៉ាក់សាំង​ដូស​ទី​៣​នៅឡើយ៕

    អត្ថបទទាក់ទង