សម្តេចតេជោ ហ៊ុន សែន សម្ដែងការសោកស្តាយ ចំពោះការបាញ់មីស៊ីលដោយកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុន
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្តែងការសោកស្តាយ និងធ្វើការថ្កោលទោសចំពោះការបាញ់មីស៊ីលពីសំណាក់ប្រទេសកូរ៉េខាងជើង ឆ្លងកាត់ប្រទេសជប៉ុនកាលពីថ្ងៃទី៤តុលាម្សិលមិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែល ដែលបានឲ្យដឹងនាព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ។
សេចក្ដីប្រកាសព័ត៌មានបានឲ្យដឹងថា ក្នុងអំឡុងពេលជួបពិភាក្សាទ្វេភាគី ជាមួយឯកឧត្តម ម៉ានូអែល ម៉ារ៉េរ៉ូ គ្រុស នាយករដ្ឋមន្រ្តីគុយបា ដែលកំពុងទស្សនកិច្ចនៅកម្ពុជា នៅថ្ងៃអង្គារទី០៤ ខែតុលា ឆ្នាំ២០២២ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជម្រាបសមភាគីថា សម្តេចថ្កោលទោសការបាញ់ម៉ីស៊ីល ឆ្លងកាត់ប្រទេសជប៉ុន ដែលបានធ្វើឡើងដោយសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ។
តាមរយៈសេចក្តីប្រកាសព័ត៌មានខាងលើនេះសម្តេចតេជោនាយករដ្ឋមន្ត្រីបានប្រសាសន៍ថា «ឥរិយាបទរបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ គឺប្រកបដោយគ្រោះថ្នាក់ និងជាការបំពានមួយទៀតទៅលើសេចក្តីសម្រេចនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានបញ្ចេញទស្សនៈ ចំពោះសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ កម្ពុជាយល់អំពីហេតុផលប្រវត្តិសាស្រ្តយល់អំពីការព្រួយបារម្មណ៍ផ្នែកសន្តិសុខ និងភាពស្មុគស្មាញនៃបញ្ហា ប៉ុន្តែសម្តេចតេជោនាយករដ្ឋមន្រ្តីបានមានប្រសាសន៍ថា កម្ពុជាមិនយល់ស្របចំពោះការចូលលុកលុយប្រទេសអ៊ុយក្រែន និងការភ្ជាប់ជាតំបន់ចំណុះ ពីប្រទេសអធិបតេយ្យមួយនោះទេ។ សម្តេចតេជោបានសង្កត់ធ្ងន់ទៀតថា« កម្ពុជា ក្នុងនាមជាប្រទេសតូច ប្រកាន់នូវការគោរពអធិបតេយ្យបូរណភាពដែនដី និងឯករាជ្យភាពនយោបាយ នៃរដ្ឋសមាជិក និងធម្មនុញ្ញអ.ស.ប»។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងផងដែរថា នៅក្នុងកិច្ចជំនួប រវាងសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីគុយបា ភាគីទាំងពីរក៏បានផ្លាស់ប្តូរមតិ ពាក់ព័ន្ធនឹងបញ្ហាតំបន់ និងអន្តរជាតិ និងបានប្តេជ្ញា ពង្រឹងទំនាក់ទំនងនៃប្រទេសទាំងពីរកម្ពុជា-គុយបា ចំណងមិត្តភាព និងសហប្រតិបត្តិការលើវិស័យជាច្រើន មានដូចជា វិស័យអប់រំ សុខាភិបាល វប្បធម៌ កសិកម្ម ពាណិជ្ជកម្ម និងទំនាក់ទំនងលើឆាកអន្តរជាតិ៕