សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា មានហេតុផល ៥ចំណុចដែលមិនទាន់អាចប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញថ្លែងសារពិសេសទៅកាន់បងប្អូនជនរួមជាតិ ទាក់ទិនទៅនឹងស្ថានភាពជំងឺកូវីដ-១៩ និងការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩។
ក្នុងខណៈនៃការថ្លែងសារនោះដែរ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា គ្រប់គ្រងបាន តែមិនទាន់បញ្ចប់ដោយយោងលើហេតុផលចំនួន៥៖
១. មិនទាន់ដឹងអស់នៅឡើយទេថា តើមានកន្លែងណាខ្លះទៀត ដែលអ្នកជំងឺទៅដល់ រកមិនទាន់ឃើញ អ្នកជំងឺមិនប្រាប់ ឬភ្លេចកន្លែងទៅដល់រយៈពេល១៤ថ្ងៃ មុនពេលរកឃើញ។
២. តើនៅមានអ្នកប៉ះពាល់ផ្ទាល់ ឬប្រយោលដោយមិនមកបង្ហាញមុខ ព្រោះខ្លាចការធ្វើតេស្ត ដែលជាហានិភ័យឆ្លងចូលសហគមន៍។
៣. អ្នកប៉ះពាល់មួយចំនួនមិនទាន់ថ្ងៃធ្វើតេស្តលើកទី២ ឬទី៣នៅឡើយ ព្រោះទើបដឹងប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ហើយធ្វើតេស្តមួយដង ឬពីរដងប៉ុណ្ណោះ។
៤. អ្នកត្រូវធ្វើចត្តាឡីស័កហូរហែតាំងពីរថ្ងៃទី២៩ វិច្ឆិកា ដល់ថ្ងៃរកឃើញវិជ្ជមានចុងក្រោយនៅថ្ងៃទី១៤ ធ្នូ មិនដឹងថា បានធ្វើចត្តាឡីស័ក ១៤ថ្ងៃ ឬធ្វើតេស្ត៣ដងដែរឬទេ?
៥. នៅតាមខេត្តមួយចំនួនដែលអ្នកជំងឺទៅដល់មុនពេលរកឃើញជំងឺ តើបានរកឃើញអ្នកពាក់ព័ន្ធអស់ឬទេ?
សម្តេចតេជោ ហ៊ុន សែន ស្នើសូមការយោគយល់ និងសូមរក្សាស្ថានភាពដូចពេលបច្ចុប្បន្នមួយរយៈទៀត ដើម្បីឱ្យប្រាកដថា ព្រឹត្តិការណ៍សហគមន៍បានបិទបញ្ចប់៕