គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បន្ត​បិទខ្ទប់ភូមិសាស្ត្រ​​រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ រយៈពេល ១សប្ដាហ៍ទៀត​ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៦ ខែមេសា ឆ្នាំ២០២១​ |
    រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បន្ត​បិទខ្ទប់ភូមិសាស្ត្រ​​រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ រយៈពេល ១សប្ដាហ៍ទៀត​ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩ រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​បន្ត​បិទខ្ទប់ភូមិសាស្ត្រ​​រាជធានីភ្នំពេញ និងក្រុង​តាខ្មៅ រយៈពេល ១សប្ដាហ៍ទៀត​ ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺកូវីដ១៩

    ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បាន​សម្រេច​បិទ​ខ្ទប់​រាជ​ធានី​ភ្នំពេញ ​និងក្រុងតាខ្មៅ នៃ​ខេត្ត​កណ្តាល​ ​រយៈពេល ១សប្តាហ៍បន្ថែមទៀត ដើម្បី​ទប់​ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូវីដ​១៩​។

    យោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលដែលបាន​ចេញផ្សាយ​នៅល្ងាច​ថ្ងៃទី២៦ ខែមេសា ឆ្នាំ​២០២១ ការអនុវត្ត​នៃការបិទខ្ទប់បន្ថែម១សប្ដាហ៍ទៀតនេះ​នឹង​ចាប់​ផ្តើម​អនុវត្ត​ពី​ម៉ោង​ ០០និង០០នាទី​ឈាន​ចូល​ថ្ងៃ​ទី​២៩​ ខែ​មេសា ​ឆ្នាំ២​០២១​។

    ក្នុងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល បានសរសេរក្នុងប្រការ១ថា « បន្ត​ការ​បិទ​ខ្ទប់​ភូមិ​សាស្រ្ត​រាជ​ធានី​ភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីប្រយុទ្ធ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​ នៃ​ជំងឺ​កូវីដ​១៩ សម្រាប់រយៈពេល៧ (ប្រាំពីរ) ថ្ងៃបន្តទៀត រហូតដល់ថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១»

    សេចក្ដីសម្រេច​បន្តដែរថា​ រយៈពេល​នៃ​ការបិទ​ខ្ទប់នេះ អាចត្រូវ​បាន​បន្ត​បន្ថែម​ទៀត​ អាស្រ័យលើការ​ចូល​រួម​អនុវត្ត​របស់ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ និង​ស្ថានភាព​នៃ​ការវិវត្ត​នៃ​ការឆ្លង​រាលដាល​នៃជំងឺកូវីដ១៩។

    នៅក្នុង​ប្រការ២ កំណត់ថា ភូមិសាស្ត្រដែលត្រូវ​បាន​បិទខ្ទប់ ត្រូវ​បាន​បែង​ចែក​ជាបី៖

    -ទី១ «តំបន់ក្រហម» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវដ-១៩ ក្នុងសហគមន៍។

    -ទី២ «តំបន់លឿងទុំ» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

    -ទី៣ «តំបន់លឿង» សំដៅដល់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍។

    ការកំណត់ភូមិសាស្រ្តណាមួយក្នុងតំបន់បិទខ្ទប់ ជា «តំបន់ក្រហម»«តំបន់លឿងទុំ» ឬ «តំបន់លឿង» ត្រូវធ្វើឡើងដោយសេចក្តីសម្រេច របស់អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រាប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងរបស់អភិបាលនៃគណៈអភិបាលខេត្តកណ្តាល សម្រាប់ភូមិសាស្ត្រក្រុងតាខ្មៅ នៃខេត្តកណ្តាល៕