គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចកប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២២

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៦ ខែតុលា ឆ្នាំ២០២១​ |
    សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចកប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២២ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចកប្រជុំអាស៊ាន-សាធារណរដ្ឋកូរ៉េលើកទី២២

    ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ នេះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបន្តអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២២ជាបន្តទៀតជាមួយបណ្ដាមេដឹកនាំអាស៊ាន។

    នៅក្នុងកិច្ចប្រជុំនេះ ប្រមុខដឹកនាំអាស៊ាន-កូរ៉េបានអនុម័តទៅលើឯកសារមួយនៃសេចក្តីប្រកាសប្រជុំអាស៊ានសាធារណរដ្ឋកូរ៉េលើកទី២២ស្ដីអំពី ការជំរុញកិច្ចសហប្រតិបត្តិការ អាស៊ាន-សាធារណរដ្ឋកូរ៉េ ហើយបានអនុម័តទៅលើរបាយការណ៍ ៖

    ទី១) របាយការណ៍វឌ្ឍនភាពស្ដីពីការអនុវត្តផែនការសកម្មភាពអាស៊ាន-សាធារណរដ្ឋកូរ៉េ ដើម្បីអនុវត្តសេចក្តីប្រកាសរួមស្ដីពីភាពជាដៃគូរយុទ្ធសាស្ត្រដើម្បីវិបុលភាព សន្តិភាពឆ្នាំ២០២១-២០២៥

    ទី២) របាយការណ៍អនុវត្តស្ដីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-សាធារណរដ្ឋកូរ៉េ

    ទី៣) របាយការណ៍វឌ្ឍនភាពស្ដីពី គម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-សាធារណរដ្ឋកូរ៉េ។

    នៅក្នុងកិច្ចប្រជុំនេះ ជារួមប្រមុខរដ្ឋាភិបាលអាស៊ាន និងកូរ៉េតំលៃខ្ពស់ចំពោះភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងសងខាង ថ្វីត្បិតមានឥទ្ធិពលពីកូវីដ១៩ក្តី ប៉ុន្តែសាធារណរដ្ឋកូរ៉េនៅតែជាដៃគូវិនិយោគសំខាន់ៗសម្រាប់អាស៊ាន។ ក្នុងឆ្នាំ២០២០កន្លងទៅនេះ កូរ៉េនៅតែជាដៃគូពាណិជ្ជកម្មធំលំដាប់ទី៤នៅអាស៊ាន ជាប្រភពវិនិយោគទី៥នៅអាស៊ានផងដែរ។ ដៃគូរទាំងពីរនឹងខិតខំជំរុញធ្វើយ៉ាងណា ជំរុញសេដ្ឋកិច្ចក៏ដូចជាការវិនិយោគ លើវិស័យពាណិជ្ជកម្មនេះឲ្យមានការរីកលូតលាស់បន្ថែមទៀត ជាពិសេស ជំរុញការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជ្រុងជ្រោយនៃតំបន់នេះ។ ទន្ទឹមនឹងនេះក៏ជំរុញបន្ត បង្កើនកិច្ចសហប្រតិបត្តិការទីផ្សារសេរីរវាងអាស៊ាននិងកូរ៉េផងដែរ។

    នៅថ្ងៃនេះផងដែរ កម្ពុជានិងកូរ៉េ ក៏បានចុះហត្ថលេខាទ្វេភាគីលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជានិងកូរ៉េផងដែរ ។ លើសពីនេះទៅទៀតអាស៊ាន ក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយផ្ដល់នូវវ៉ាក់សាំងកូវីដ១៩ ក្នុងនោះកូរ៉េនៅតែបន្តគាំទ្រ ដល់ការកសាងសង្គមអាស៊ាន ជាពិសេសការតភ្ជាប់អាស៊ាន រួមទាំងការកាត់បន្ថយគម្លាតនៃអាស៊ាន ជាពិសេសក្នុងការអនុវត្ត ផែនការមេការតភ្ជាប់ក្នុងឆ្នាំ ២០២៥ ខាងមុខនេះជាដើម។

    លើសពីនេះទៅទៀតប្រមុខរដ្ឋាភិបាលអាស៊ាននិងកូរ៉េក៏បានស្វាគមន៍ក្នុងការបង្កើតយន្តការថ្មីកម្រិតថ្នាក់រដ្ឋមន្ត្រី ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទៅលើវិស័យនៃការគ្រប់គ្រងគ្រោះមហន្តរាយរវាងប្រទេសទាំងសងខាង។

    កូរ៉េក៏នៅតែបន្តគាំទ្រតួនាទីស្នូលរបស់អាស៊ាន ហើយនឹងការឯកភាពរបស់អាស៊ានក្នុងយន្តការតំបន់ដែលបង្កើតដោយអាស៊ាននេះ។ លើសពីនេះទៅទៀតកូរ៉េក៏បានគូរបញ្ជាក់ផងដែរថា ខ្លួននឹងជំរុញសេដ្ឋកិច្ចឌីជីថល និងបៃតង ហើយក៏បានផ្លាស់ប្ដូរមតិយោបល់គ្នាអំពីបញ្ហាតំបន់ ដែលមានការយកចិត្តទុកដាក់លើគ្នាទៅវិញទៅមកផងដែរ៕

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង