លោក ជុន ច័ន្ទបុត្រ ហែកទម្លាយអាថ៌កំបាំងកិច្ចការផ្ទៃក្នុងរបស់ លោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរីថា «មិនចេះដឹកនាំការងារព័ត៌មាន»
ភ្នំពេញ៖ ក្នុងជំនួបរយៈពេលជាង២ម៉ោង លោក ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរី បានហែកទម្លាយអាថ៌កំបាំងកិច្ចការផ្ទៃក្នុងមេរបស់ខ្លួននោះគឺលោក លោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរី ប្រាប់ដល់លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេទ័ពជើងគោក ដែលជាកូនប្រុសច្បងរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
នៅក្នុងជំនួបនោះ លោក ជុន ច័ន្ទបុត្រ បានគាស់កកាយផ្ទៃក្នុងរបស់វិទ្យុអាស៊ីសេរី ប្រាប់ដល់លោកបណ្ឌិត ហ៊ុន ម៉ាណែត ដោយបញ្ជាក់ថា លោកត្រូវបានមេធំវិទ្យុអាស៊ីសេរី បិទសិទ្ធិសេរីភាព ក្នុងការឆ្លើយឆ្លងជាសាធារណៈនោះទេ ហើយទទួលរងសម្ពាធជាច្រើនផងដែរ។ បន្ទាប់ពីនេះលោកចាប់ផ្តើមបើកកកាយអាថ៌កំបាំងផ្ទៃក្នុងរបស់លោក សម ប៉ូលី ប្រធានវិទ្យុអាស៊ីសេរី ដែលជាមេកើយរបស់ខ្លួន។
ជំនួបរវាងលោក ជុន ច័ន្ទបុត្រ និងលោក ហ៊ុន ម៉ាណែត ដែលបានធ្វើឡើងយ៉ាងសម្ងាត់ កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ នៅភោជនីដ្ឋានមួយ នារាជធានីភ្នំពេញ អំឡុងពេលលោក ជុន ច័ន្ទបុត្រ មកកាន់កម្ពុជា ដើម្បីបំពេញបេសកកម្មរយៈពេល៣ខែ។
បើតាមលោក ជុន ច័ន្ទបុត្រ, លោក សម ប៉ូលី គឺជាអ្នកកាន់ការងារគ្រប់គ្រងការងាររដ្ឋបាលវិទ្យុអាស៊ីសេរី មិនចេះដឹកនាំអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរីទេ។ លោកជាអ្នកចេញគោលការណ៍ និងផ្តល់នូវធាតុចូលសំខាន់ៗមួយចំនួន។
លោក ជុន ច័ន្ទបុត្រ បាននិយាយថា៖ «គាត់ជាប្រធាន ! ជាប្រធានប៉ុន្តែមកកាន់ខាង Admin ជាង ពីព្រោះគាត់អត់សូវយល់ពីកាសែតទេ»។ នៅពេលដែល លោក ហ៊ុន ម៉ាណែត សួរថា តើគាត់មានសិទ្ធិក្នុងការរៀបចំវិទ្យុអាស៊ីសេរីទេ? លោក ជុន ច័ន្ទបុត្រ បាននិយាយថា «Of course ជាមេនៅក្នុង Service ហ្នឹង គឺថា មាន Input ច្រើន High risk ភាគច្រើន, Firing មិនមានទេ Firing គឺទៅតាមគោលការណ៍របស់អាស៊ីសេរី…អញ្ចឹងទៅគេមាន Department ខាង Human resource។ យើងមានសិទ្ធិក្នុងការសម្ភាសន៍បុគ្គលិកចូលរួមសកម្ម»។
ជាមួយគ្នានេះនៅក្នុងជំនួបដ៏សម្ងាត់នេះ លោក ជុន ច័ន្ទបុត្រ ក៏បានប្រាប់លោក ហ៊ុន ម៉ាណែត អំពីកិច្ចការផ្ទៃក្នុងមួយចំនួនរបស់វិទ្យុអាស៊ីសេរី។
លោក ជុន ច័ន្ទបុត្រ បានបន្តថា៖ «ប្រសិនបើក្មួយយល់ពីពូហើយ ថាតើយើងអាចសហការបែបណាបាន? ប្រើសិនបើក្មួយបានលឺ Editorial មេធំ Biting មកពូ នៅពេលហ្នឹងបានក្មួយអាចទទួលយកបាន ពូសឹងតែលួចថតឱ្យក្មួយស្តាប់ថ្ងៃណាក៏ដោយ យើងអាចជជែកគ្នាថាតើ មាន Solution story អីខ្លះដែលក្មួយយល់ថា ជាព័ត៌មានវិជ្ជមានមកខាងរដ្ឋាភិបាលយើងត្រូវការអាហ្នឹង»។
សូមបញ្ជាក់ថា នៅក្នុងជំនួបនោះលោក ជុន ច័ន្ទបុត្រ បានស្នើសុំលោក ហ៊ុន ម៉ាណែត ការពារសុវត្ថិភាពលោកផងដែរ ខណៈដែលលោកបានស្នើសុំ លោក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ ការពារលោក ដោយខ្លាចក្រុម CIA បាញ់សម្លាប់ផងដែរ៕ ប្រភព៖ FreshNews