ប្រធានរដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ
ភ្នំពេញ៖ ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមពិធីបើកមហាសន្និបាតអន្តរសភាអាស៊ាន(AIPA) លើកទី៤១ តាមប្រព័ន្ធវីដេអូ (Video Conference) ដែលផ្សាយចេញពីទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម។
មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើក្រោមប្រធានបទ “ការទូតសភា ដើម្បីសម្រេចបានសហគមន៍អាស៊ាន ប្រកបដោយភាពស្អិតរមួត និងឆ្លើយតប”។ នេះជាលើកទី១ ហើយក្នុងប្រវត្តិសាស្រ្ត AIPA ដែលការរៀបចំមហាសន្នបាតធ្វើឡើងតាមប្រព័ន្ធវីដេអូ ដោយសារការរាតត្បាតជំងឺកូវីដ១៩។
អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមានប្រទេសជាសមាជិក ដូចជា ប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា សឹង្ហបុរី ថៃ វៀតណាម និងហ្វីលីពីន។
សូមបញ្ជាក់ដែរថា មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកផ្លាស់វេនគ្នាទៅតាមលំដាប់អក្ខរក្រម នៃឈ្មោះប្រទេស (តាមអក្សរឡាតំាង)៕