សម្ដេចតេជោ ហ៊ុន សែន អញ្ជើញធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនរងគ្រោះដោយជំនន់ទឹកភ្លៀងប្រមាណ ២ម៉ឺនគ្រួសារ
ភ្នំពេញ៖ តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញធ្វើដំណើរចុះសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងប្រមាណ ២ម៉ឺនគ្រួសារ នៅខេត្តបន្ទាយមានជ័យ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចនឹងបំពេញការងាររយៈពេល ២ថ្ងៃនៅខេត្តបន្ទាយមានជ័យ គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មករាជធានីភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០។
សម្ដេចតេជោបានបន្តថា ខេត្តបន្ទាយមានជ័យគឺជាខេត្តដែលទទួលរងគ្រោះធ្ងន់ធ្ងរជាងគេ និងយូរជាងគេ ដែលចាំបាច់ត្រូវផ្ដល់អាទិភាពសង្គ្រោះផង និងស្ដារឡើងវិញក្រោយទឹកជំនន់ស្រក។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបាននិងកំពុងជួយផ្ដល់ជាថវិកា សម្ភារៈ ស្បៀងអាហារ ។ល។ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬបានចុះចែកអំណោយដោយផ្ទាល់ក្ដីដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង។
សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ ក្រុមយុវជនទាំងអស់ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។ សម្ដេចបានជូនពរបងប្អូនជនរួមជាតិនៅទូទាំងប្រទេសកម្ពុជាជួបតែសេចក្តីសុខ៕