សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋចូលរួមថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ
ភ្នំពេញ៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ ដែលជាថ្ងៃរុក្ខទិវា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហោះសារអំពាវនាវដល់ប្រជាពលរដ្ឋឲ្យចូលរួមថែរក្សាការពារព្រៃឈើ និងចូលរួមដាំដុះកូនឈើថែរក្សាការពារបរិស្ថានធម្មជាតិ ដើម្បីជាប្រយោជន៍ដល់ការរស់នៅមនុស្ស និងជីវិតសត្វព្រៃគ្រប់ប្រភេទផងដែរ។
តាមរយៈហ្វេសប៊ុកសម្ដេចតេជោ បានសរសេរថា «អបអរសាទរបុណ្យ«រុក្ខទិវា» ០៩ កក្កដា ឆ្នាំ២០២១
សូមបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ចូលរួមស្រឡាញ់ថែរក្សាការពារព្រៃឈើ នឹងចូលរួមដាំដុះ កូនឈើ ថែរក្សាការពារបរិស្ថានធម្មជាតិ ឲ្យបានគង់វង្សនៅគ្រប់ទីកន្លែង ដើម្បីជាប្រយោជន៍ ដល់ការរស់នៅរបស់ខ្លូនយើងផង សហគមន៍យើងផង និងជីវិតសត្វព្រៃគ្រប់ប្រភេទផង ព្រមទាំងប្រព័ន្ធជីវៈចម្រុះជាច្រើនផងដែលជាសម្បត្តិរបស់មនុស្សជាតិនៅគ្រប់ជំនាន់។»
ជាមួយគ្នានេះសម្ដេចតេជោ បានរម្លឹកដែរថា បុណ្យ«រុក្ខទិវា» ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៥២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ ព្រះបរមរតនកោដ ព្រះមហាវីរក្សត្រ ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ក្នុងគោលបំណងបំផុសចលនាដាំដើមឈើឡើងវិញ និងអោយប្រជាពលរដ្ឋចូលរួមថែរក្សាសម្បត្ដិព្រៃឈើ ជាពិសេស ដើម្បីបណ្តុះគំនិតថែរក្សា ការពារ និងគំនិតស្រលាញ់ព្រៃឈើ និងបរិស្ថានធម្មជាតិរបស់ប្រទេស។
សូមបញ្ជាក់ថា រុក្ខទិវា ត្រូវបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅទូទាំងប្រទេសកម្ពុជា ក្នុងស្មារតីចូលរួមរក្សាព្រៃឈើឲ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ និងសម្រាប់ភពផែនដីទាំងមូល។ ដោយឡែកក្នុងបរិបទកូវីដ១៩ ដែលបានអូសបន្លាយពេលជាង ២ឆ្នាំមកនេះ បានធ្វើឲ្យអាក់ខានដល់ការរៀបចំពិធីដាំដើមឈើឡើងវិញ៕