គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្ដេចតេជោ​ ហ៊ុន​ សែន​ និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ ឯកឧត្ដម​ អាបេ ស៊ិនហ្សូ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២៧ ខែកញ្ញា ឆ្នាំ២០២២​ |
    សម្ដេចតេជោ​ ហ៊ុន​ សែន​ និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ ឯកឧត្ដម​ អាបេ ស៊ិនហ្សូ សម្ដេចតេជោ​ ហ៊ុន​ សែន​ និងគណៈប្រតិភូអញ្ជើញចូលរួមក្នុងពិធីបុណ្យសពថ្នាក់ជាតិ ឯកឧត្ដម​ អាបេ ស៊ិនហ្សូ

    នារសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បុណ្យសពថ្នាក់ជាតិ ឯកឧត្តម អាបេ ស៊ិនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

    ពិធីបុណ្យសពថ្នាក់ជាតិជូនឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្ត្រីជប៉ុន បាន​ចាប់​ផ្តើម​រៀប​ចំ​ឡើង​នៅសាល Nippon Budokan តាមបែបបទប្រពៃណី និង​សាសនាជប៉ុន និង​ត្រូវ​បាន​ផ្តល់​មហាកិត្តិយស​ជូន​អំណោយ​ពីប្រេសិតរបស់ព្រះចៅអធិរាជ និងព្រះរាជអគ្គមហេសី និង​អតី​ត​ព្រះចៅ​អធិរាជ និងព្រះរាជអគ្គមហេសី រួម​នឹង​ការ​ថ្វាយ​កម្រង​ផ្កា​ពី​សមាជិក​ព្រះ​រាជ​វង្សា​នុវង្ស​ជប៉ុន រួមនិងមានការចូលរួមពីថ្នាក់ដឹកនាំជាប្រមុខរដ្ឋ/រដ្ឋាភិបាល អតីតមេដឹកនាំពិភពលោក ប្រមាណ ៥០រូប និងភ្ញៀវកិត្តិយសអន្តរជាតិ ប្រមាណ ៧០០នាក់ និងភ្ញៀវជាតិ សរុប​ទាំង​អស់​ប្រមាណ ៤ ៥០០ នាក់ បានអញ្ជើញមកចូលរួមគោរពវិញ្ញាណក្ខន្ធ និង​ពិធី​បុណ្យ​សព​ថ្នាក់​ជាតិ​ ដើម្បី​លា​គ្នាជាលើកចុងក្រោយ។

    ឯកឧត្តម អាបេ គឺជាមិត្តភ័ក្រដ៏ល្អពិតប្រាកដ និងជាអ្នកគាំទ្រដ៏ស្មោះត្រង់របស់    កម្ពុជា ដែល​បាន​រួម​ចំណែក​យ៉ាងជ្រាលជ្រៅ ក្នុងការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និ​ង​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យនៅកម្ពុជា។ ឯកឧត្តម អាបេ គឺជាមិត្តជាទីស្រលាញ់ រាប់អានដ៏យូរម្នាក់ ដែល​បាន​រួម​ចំណែក​ពូនជ្រុំភាពជាដៃគូ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បី​ជាផ​ល​ប្រយោជន៍​ទៅ​វិញ​ទៅ​មក នៃប្រទេស និងប្រជាជនយើងទាំងពីរ។

    សូមបញ្ជាក់ថា ឯកឧត្តម អាបេ ស៊ីនហ្សូ អតីតនាយករដ្ឋមន្រ្តីជប៉ុន បានទទួល​មរណ​ភាព​កាល​ពី​វេលា​ម៉ោង១៥រសៀលថ្ងៃទី៨កក្កដា ឆ្នាំ២០២២ បន្ទាប់ពីខ្មាន់កាំភ្លើងវ័យជាង៤១ឆ្នាំម្នាក់ បាន​ធ្វើ​ការ​បាញ់​ប្រហារ​មកលើឯកឧត្តម អាបេ ស៊ីនហ្សូ ក្នុងឱកាសដែលរូបឯកឧត្តមអញ្ជើញថ្លែង ក្នុង​យុទ្ធ​នាការឃោសនារកសម្លេងឆ្នោតជ្រើរើសព្រឹទ្ធសភាជប៉ុន នៅទីក្រុងណារា ភាគ​ខាង​លិច​ប្រទេស​ជប៉ុន កាលពីវេលាម៉ោង១១ និង៣០នាទី ថ្ងៃទី៨កក្កដា ឆ្នាំ២០២២។

    សម្តេចតេជោនាយករដ្ឋមន្រ្តី បានចាត់ទុកថា មរណភាពរបស់ឯកឧត្តម អាបេ ស៊ីនហ្សូ មិនគ្រាន់តែជាការបាត់បង់ នូវរដ្ឋបុរសស្នេហាជាតិម្នាក់របស់ជប៉ុន ដែល​បាន​ដឹកនាំ​ឲ្យ​មាន​ការ​រីក​ចំរើន និងលើកកម្ពស់តួនាទីរបស់ជប៉ុន នៅលើឆាកអន្តរជាតិ និងតំបន់ ប៉ុណ្ណោះទេ តែ​ជា​ការ​បាត់​បង់​នូវ មិត្តភក្តិដ៏ល្អពិតប្រាកដមួយរូប របស់ប្រជាជនកម្ពុជា និងរូបសម្តេចផ្ទាល់ ដែល​បាន​រួម​ចំណែក​ក្នុង​ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន រហូតដល់ភាពជាដៃគូយុទ្ធសាស្រ្ត កាល​ពី​ឆ្នាំ​២០១៣ ក៏ដូចជាបានជំរុញការផ្តល់ជំនួយគាំទ្រ ដល់ការអភិវឌ្ឍនៅកម្ពុជាផងដែរ។ កាយវិការដ៏សប្បរស និងមនោសញ្ចេតនាស្មោះស័្មគ្ររបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ នឹង​ត្រូវ​បាន​ចង​ចាំ​ដិតដាមជាប់ជានិច្ច ក្នុងទឹកចិត្តរបស់ប្រជាជនកម្ពុជា ក៏ដូចជារូបសម្តេចជារៀងរហូត។ ក្នុង​កាលៈទេសៈដ៏សែនសោកសង្រេងនេះ សម្តេចបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម អាបេ ស៊ីនហ្សូ បានទៅសោយសុខ ក្នុងសុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

    នៅក្នុង​ពិធី​លាគ្នា​ជា​លើក​ចុង​ក្រោយនោះ នៅចំពោះមុខឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន គីស៊ីដា ហ្វូមីអូ និងលោកជំទាវ អាបេ ស៊ិនហ្សូ សម្តេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ បានសំដែងនូវចូលរួមរំលែកទុក្ខ និង​ការ​គោរព​ស្រឡាញ់ សោកស្តាយបំផុត ចំពោះការបាត់បង់រូប ឯកឧត្តម អាបេ ស៊ិនហ្សូ ដែល​ជា​រដ្ឋ​បុរស​ដ៏​ឆ្នើមរបស់ប្រទេស និងប្រជាជនជប៉ុន និងជាមិត្តភក្រជាទីគោរពស្រឡាញ់របស់ប្រទេស និង​ប្រជាជនកម្ពុជា។

     

     

    ពាក្យគន្លឹះទាក់ទង
    អត្ថបទទាក់ទង