សម្តេចតេជោ ហ៊ុន សែន ប្រកាសផ្ដល់ជំនួយថវិកា ១៣លានដុល្លារ និងវ៉ាក់សាំងចំនួន ៥០ម៉ឺនដូសបន្ថែមទៀត ដល់ប្រទេសឡាវ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសផ្ដល់ជំនួយថវិកាចំនួន ១៣លានដុល្លារ ក្នុងនោះ ៣លានដុល្លារជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជា និង១០លានដុល្លារទៀតជាថវិការបស់ក្រុមហ៊ុនឯកជន។ ជាមួយគ្នានេះសម្ដេចតេជោ បានសម្រេចផ្ដល់ជំនួយវ៉ាក់សាំងស៊ីណូវ៉ាក់ (Sinovac) ចំនួន ៥០ម៉ឺនដូស និងរថយន្ត ២គ្រឿងថែមទៀត ជូនដល់ប្រទេសឡាវ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។
ការប្រកាសបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។
នៅក្នុងជំនួបនោះដែរ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) បានអបអរសាទរចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលបានដឹកនាំប្រទេសកម្ពុជាឆ្ពោះមកការអភិវឌ្ឍន៍រីកចម្រើន។ ឯកឧត្តមបានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជានៅពេលនេះ ឯកឧត្តមឃើញមានការរីកចម្រើនយ៉ាងខ្លាំង ជាពិសេសរាជធានីភ្នំពេញមានការប្លែកមុខប្លែកមាត់យ៉ាងខ្លាំងផងដែរ។ ឯកឧត្តមក៏បានសំដែងនូវការអបអរសាទរចំពោះសម្ដេចតេជោ ដែលបានទទួលជោគជ័យលើគ្រប់វិស័យទាំងកិច្ចប្រជុំអាស៊ីអឺរ៉ុបថ្មីៗនេះ និងការទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ ក្នុងន័យនេះឯកឧត្តមក៏បានសម្ដែងនៅការគាំទ្រ នឹងសន្យាសហការជាមួយនឹងកម្ពុជា ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជាដឹកនាំកិច្ចប្រជុំអាស៊ានឲ្យទទួលបានភាពជោគជ័យ។ ឯកឧត្តមក៏បានលើកឡើងពីអតីតកាលដែលព្រះរាជាណាចក្រកម្ពុជា និងឡាវមានទំនាក់ទំនងជាមិត្តភាព ជាបងប្អូន ជាវប្បធម៌ប្រពៃណី ជាយូរលង់ណាស់មកហើយ ហើយជាច្រើនឆ្នាំកន្លងមកនេះ កម្ពុជា និងឡាវពិតជាមានការប្រែប្រួលមែន ក៏ប៉ុន្តែទឹកចិត្តប្រជាជន និងប្រជាជននៅមានដដែល។
ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវក៏បានស្នើសុំសម្ដេចតេជោ ធ្វើយ៉ាងណាពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការ តាមរយៈ ទី១)បន្ត ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងគ្នាទៅវិញទៅមក ដើម្បីធ្វើយ៉ាងណាជំរុញ និងបញ្ចប់ការងារដែលបានព្រមព្រៀងគ្នាកន្លងមក , ទី២)គឺបន្តពិភាក្សាគ្នាធ្វើយ៉ាងណាឱ្យបញ្ចប់កិច្ចព្រមព្រៀង ក៏ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូគ្រប់ជ្រុងជ្រោយ, ទី៣)ជំរុញបន្តកិច្ចប្រជុំតាមរយៈយន្តការដែលមានស្រាប់, ទី៤)ជំរុញឲ្យគណៈកម្មការចម្រុះព្រំដែនបន្តធ្វើការធ្វើយ៉ាងណាតាមគោលដៅដែលថ្នាក់ដឹកនាំបានសម្រេច, ទី៥)ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មលើកស្ទួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរ,ទី៦) ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ វិស័យទេសចរណ៍ និងវិស័យដទៃទៀតដែលជាសក្តានុពលសម្រាប់ប្រទេសទាំងពីរ, ទី៧)ជំរុញ វិស័យឯកជន ជំរុញការវិនិយោគរវាងប្រទេសទាំងពីរ និងគាំទ្រវិនិយោគិនប្រទេសទាំងពីរ,ទី៨) ជំរុញកិច្ចសហប្រតិបត្តិការ លើវេទិកាតំបន់ និងអន្តរជាតិ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះ ឯកឧត្ដម ផនខាំ វីផាវ៉ាន់ (Phankham Viphavanh) ដែលបានគាំទ្រកម្ពុជាជាប្រធានអាស៊ាននៅឆ្នាំក្រោយ និងគាំទ្រកម្ពុជាជាប្រធានកិច្ចប្រជុំអាស៊ី-អឺរ៉ុបកន្លងនេះ ដែលធ្វើឱ្យកម្ពុជាបានទទួលជោគជ័យនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប ។ សម្ដេចតេជោបានក៏បានគាំទ្រចំណុចទាំង៨ដែលឯកឧត្តមនាយករដ្ឋមន្ត្រីឡាវបានលើកឡើង។ ទាក់ទងទៅនឹងវិស័យទេសចរណ៍សម្ដេចតេជោបានស្នើសុំឲ្យ ឯកឧត្តម វីផាវ៉ាន់ ពិចារណា ឲ្យប្រជាជនទាំងពីរអាចធ្វើដំណើរទៅវិញទៅមកពីព្រោះវិស័យនេះជាវិស័យដែលបំពេញឲ្យគ្នាទៅវិញទៅមក។ ដោយឡែកទាក់ទងទៅនឹងវិស័យវិនិយោគសម្ដេចតេជោបានគាំទ្រលើវិស័យនេះ ហើយជំរុញឲ្យធ្វើយ៉ាងណា ឲ្យមានការវិនិយោគរវាងប្រទេសទាំងពីរ គាំទ្រវិនិយោគនៃប្រទេសទាំងពីរ ព្រោះថាការវិនិយោគនេះ ជាមូលដ្ឋានសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទាំងផ្នែកនយោបាយ សេដ្ឋកិច្ចជាដើម៕