គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសហុងគ្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២០​ |
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសហុងគ្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យរដ្ឋមន្ត្រីការបរទេសហុងគ្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

    ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានអនុញ្ញាតឱ្យលោក ភីធ័រ ហ្សីយាតូ រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មហុងគ្រី ចូលជួបសម្តែងការគួរសម និងពិភាក្សាលើការងារមួយចំនួន។

    បន្ទាប់ពីជំនួសសម្តែងការគួរសម និងសំណេះសំណាលការងារហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សារណៈរវាងកម្ពុជា និងហុងគ្រីចំនួន៣ផងដែរ។ កិច្ចព្រមព្រៀង និងអនុស្សារណៈ ដែលត្រូវចុះហត្ថលេខានោះរួមមាន៖

    ១៖ កិច្ចព្រមព្រៀងស្តីពីសេវាដឹកជញ្ជូនតាមផ្លូវអាកាសចរ រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលហុងគ្រី

    ២៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការគ្រប់គ្រងធនធានទឹក រវាងក្រសួងធនធានទឹក និងឧតុនិយមនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងមហាផ្ទៃហុងគ្រី

    ៣៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងកសិកម្មហុងគ្រី

    លោក ភីធ័រ ហ្សីយាតូ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជានៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។ បន្ទាប់ពីចុះពីលើយន្តហោះតែប៉ុន្មានម៉ោងប៉ុណ្ណោះ លោកក៏បានអញ្ជើញជួបប្រជុំទ្វេភាគីជាមួយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

    ក្រោយជំនួបនេះលោក ភីធ័រ ហ្សីយាតូ និងលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើដំណើររួមគ្នា ដើម្បីបើកការិយាល័យទូតរបស់ហុងគ្រីប្រចាំនៅកម្ពុជា។

    ក្នុងដំណើរបំពេញទស្សនកិច្ចនៅព្រឹកថ្ងៃនេះ លោក ភីធ័រ ហ្សីយាតូ ក៏អញ្ជើញជួបពិភាក្សាការងារជាមួយលោក សួស យ៉ារា សមាជិកសភា, លោក វេង សុខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មផងដែរ។

    សូមបញ្ជាក់ថា កម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ១៩៥៦។ ទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ត្រូវបានកាត់ផ្តាច់ក្នុងរបបខ្មែរក្រហមនាឆ្នាំ១៩៧៥។

    នៅឆ្នាំ១៩៧៩ សាធារណរដ្ឋប្រជាមានិតកម្ពុជា និងប្រទេសហុងគ្រី បានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីឡើងវិញ ក្នុងរយៈពេលនោះ គឺពីឆ្នាំ១៩៧៩ រហូតដល់ឆ្នាំ១៩៩៣ ប្រទេសហុងគ្រីបានផ្តល់ការឧបត្ថម្ភ គាំទ្រដល់អតីតរដ្ឋកម្ពុជា និងបានរួមចំណែកដល់ប្រតិបត្តិការរបស់អ៊ុនតាក់ ក្នុងប្រតិបត្តិការសន្តិភាពនៅកម្ពុជា។

    នៅក្នុងទំនាក់ទំនងទ្វេភាគីនោះដែរ ហុងគ្រីបានផ្តល់ថវិកាចំនួន ១០០លានហ្វ័ររីនហុងគ្រី ដល់រដ្ឋាភិបាលនៃអតីតរដ្ឋកម្ពុជា ក្នុងការសាងសង់មជ្ឈមណ្ឌលកុមារកំព្រាកម្ពុជា បារាំង ហុងគ្រី កំពង់កន្តួត ខេត្តកណ្តាល និងនៅឆ្នាំ១៩៩៧ កាកបាទក្រហមហុងគ្រី បានផ្តល់ជំនួយថ្នាំពេទ្យ គិតជាទឹកប្រាក់ជាង១ម៉ឺនដុល្លាអាមេរិក ដល់ជនរងគ្រោះដោយទឹកជំនន់នៅកម្ពុជា។

    លើការរួមចំណែកដល់ការបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ចាប់តាំងពីឆ្នាំ១៩៨០ រហូតដល់ឆ្នាំ ១៩៩១ហុងគ្រី បានរួមចំណែកបណ្តុះបណ្តាលនិស្សិតកម្ពុជាសរុបចំនួន១៩៥នាក់។ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ និស្សិតកម្ពុជាចំនួន ៥០នាក់ បានទទួលអាហារូបករណ៍ក្រោមកម្មវិធី Sripendium Hungarian Program ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ លើមុខវិជ្ជាកសិកម្ម មនុស្សសាស្រ្ត វិស្វកម្ម សេដ្ឋកិច្ច វិទ្យាសាស្រ្ត ធម្មជាតិ។ល។ ដោយឡែកក្នុង ឆ្នាំ២០១៩នេះ មាននិស្សិតកម្ពុជាចំនួន២៩នាក់ កំពុងបន្តការសិក្សានៅប្រទេសហុងគ្រី។

    លើការបណ្តុះបណ្តាលធនធានមនុស្សនេះដែរ ឥស្សរជនជាន់ខ្ពស់កម្ពុជាចំនួន៣រូបធ្លាប់ បានសិក្សានៅប្រទេសហុងគ្រី ក្រោយថ្ងៃរំដោះ៧មករាឆ្នាំ១៩៧៩ ក្នុងនោះរួមមានឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, លោក ឡុង វីសាលោ និងលោក ស សុវណ្ណ រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

    បើទោះបីកម្ពុជា និង ហុងគ្រី ជាមិត្តភក្តិចាស់ស្គាល់គ្នាក្នុងគ្រាកម្ពុជាមានស្ថានភាពលំបាក និងមានទំនាក់ទំនងគ្នាយូរឆ្នាំក្តី តែកម្ពុជា និងហុងគ្រី មិនបានបង្កេីតស្ថានទូតតំណាងឱ្យប្រទេសខ្លួននោះឡេីយ។

    ទើបនៅខែមិថុនា ឆ្នាំ២០១៩ មានដំណេីរទស្សនកិច្ចសម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ប្រទេសហុងគ្រី ក៏ផ្តួចផ្តេីមជជែកដល់ការលេីកកម្ពស់ទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ ព្រមទាំងឈានទៅបង្កេីតស្ថានទូតប្រចាំនៅប្រទេសនីមួយយៗ។

    ផ្តើមពីទស្សនកិច្ចរបស់សម្តេចតេជោនោះហេីយ ទេីបនាំឱ្យមានដំណេីរទស្សនកិច្ចប្រធានាធិបតីហុងគ្រីលោក យ៉ាណូស អាឌ័រ មកកម្ពុជានៅចុងឆ្នាំ២០១៩ និងឈានដល់ការបេីកការិយាល័យទូតរបស់ហុងគ្រីនៅកម្ពុជា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    ដំណើរទស្សនកិច្ចរបស់លោក ភីធ័រ ហ្សីយាតូ នៅកម្ពុជា នាពេលនេះ ចំពេលដែលពិភពលោកកំពុងជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ និងចំពេលមានបញ្ហាប្រឈមយ៉ាងខ្លាំងខាងសេដ្ឋកិច្ច និងសង្គម។ ព្រោះតែបែបនេះហើយ ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាត់ទុកជាដំណើរទស្សនកិច្ចដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តដ៏មុតមាំមួយក្នុងការពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសទាំងពីរកម្ពុជា-ហុងគ្រី។

    ឯកឧត្ដម ប្រាក់ សុខុន ក៏បានគូសបញ្ជាក់ដែរថា ហុងគ្រី គឺជាមិត្តដ៏ជិតស្និទ្ធមួយរបស់កម្ពុជា។ ហុងគ្រីបានផ្តល់នូវជំនួយ និងការគាំទ្រមកដល់កម្ពុជា នៅពេលកម្ពុជាកំពុងត្រូវការជំនួយជាចាំបាច់ បន្ទាប់ពីងើបផុតពីភ្លើងសង្រ្គាមនៃរបបខ្មែរក្រហម។ ទ័ពមួកខៀវហុងគ្រីបានបញ្ជូនមកកម្ពុជាក្រោមឆត្រ័របស់អជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅកម្ពុជា (UNTAC)។

    ប្រមុខការទូតកម្ពុជា ក៏បានគូសរំលេចផងដែរថា ជំហររបស់ហុងគ្រីលើការដកប្រព័ន្ធអនុគ្រោះពន្ធ EBA គឺជាឧទាហរណ៍មួយទៀត ដែលសរបញ្ជាក់អំពីមិត្តដែលយល់ពីស្ថានភាពរបស់កម្ពុជា ហើយក្លាហានក្នុងការគាំទ្រកម្ពុជាឱ្យទទួលបានយុត្តិធម៌ ដើម្បីឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យប្រកបដោយសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

    សូមរំលឹកដែរថា របាយការណ៍ឆ្នាំ២០១៩ បានបង្ហាញថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងហុងគ្រី មានប្រមាណ ២លានដុល្លារអាមេរិក។ កម្ពុជានាំចេញសម្លៀកបំពាក់ ស្បែកជើង និងអង្ករជាដើម ខណៈនាំចូលមកវិញនូវឧបករណ៍ហាត់ប្រាណ ស្រាវិស្គី និងគ្រឿងសំអាង។

    សូមបញ្ជាក់ដែរថា ប្រទេសហុងគ្រី គឺជាប្រទេសមួយស្ថិតនៅចំកណ្ដាលទ្វីបអឺរ៉ុប (អឺរ៉ុបកណ្ដាល) ហើយមិនមានព្រំដែន ជាប់សមុទ្រនោះទេ។ ហុងគ្រី គឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៤៨ ក្នុងនាមជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងជាងគេបំផុតនៅលើពិភពលោក។

    ចំណែកឯផលិតផលនៅក្នុងស្រុកសរុប ឬ GDP គឺ ១១៥,៧០៣ពាន់លានដុល្លារ ជាមួយកំណើន ៤.៩ភាគរយ (ទិន្នន័យឆ្នាំ២០១៨) ខណៈកំណើនក្នុងឆ្នាំ២០១៩ នេះមានអត្រា ៣.៥ភាគរយ។

    GDP សម្រាប់ប្រជាជនក្នុងម្នាក់ ប្រទេសហុងគ្រីជាប់ចំណាត់ថ្នាក់លេខ៥២ ដោយប្រជាជនម្នាក់អាចរកចំណូលបាន ១៥,៩២៣ដុល្លារក្នុងមួយឆ្នាំ។ ដោយឡែកសេដ្ឋកិច្ចប្រទេសហុងគ្រី វិញពឹងផ្អែកសំខាន់លើ វិស័យដូចជា រ៉ែ អេឡិចត្រូនិក វាយនភណ្ឌ និងព័ត៌មានវិទ្យាជាដើម។

    ហុងគ្រីបានក្លាយជាសមាជិកអង្គការណាតូ នៅឆ្នាំ១៩៩៩ និងសមាជិកសហភាពអឺរ៉ុប នៅឆ្នាំ២០០៤ ហើយក៏ជាសមាជិកអង្គការសហប្រជាជាតិ និងធនាគារពិភពលោកផងដែរ៕ ប្រភព៖ FreshNews

    បញ្ចេញមតិ
    អត្ថបទទាក់ទង