វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ Pfizer ជិត ៣០ម៉ឺនដូស សម្រាប់ចាក់កុមារ ជាជំនួយរបស់អូស្ត្រាលី បានដឹកមកដល់កម្ពុជាហើយ
ភ្នំពេញ៖ វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រភេទ Pfizer ចំនួន ២៨៣,០០០ដូសបន្ថែមទៀត ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ផ្ដល់ជូនរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា បានដឹកមកដល់កម្ពុជាហើយនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២នេះ ។
អូស្ត្រាលី ជាប្រទេសមួយដែលបានជំនួយជាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ និងបរិក្ខារផ្សេង សម្រាប់រួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅកម្ពុជា។ កាលពីខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះ កម្ពុជាក៏ទទួលបានវ៉ាក់សាំងកូវីដ១៩ ប្រភេទ Pfizer ជាជំនួយរបស់ប្រទេសអូស្ត្រាលី ចំនួន១៩៦ ៨០០ដូស សម្រាប់ចាក់ជូនកុមារ។ ចំណែកកាលពីខែធ្នូ ឆ្នាំ២០២១កន្លងទៅ រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី បានផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទ Pfizer ចំនួនជាង ២.៣លានដូសរួចម្តងហើយ។
ការផ្តល់ជំនួយវ៉ាក់សាំង និងបរិក្ខារផ្សេងៗនេះ បានបង្ហាញឃើញពីការយកចិត្តទុកដាក់ខ្ពស់មួយរបស់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ក៏ដូចជាជួយការពារអាយុជីវិតប្រជាពលរដ្ឋខ្មែរពីជំងឺកូវីដ-១៩។
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា រហូតមកដល់ពេលនេះកម្ពុជា កម្ពុជាទទួលបានវ៉ាក់សាំងសរុបជាង ៧៤លានដូស ហើយនៅសល់ក្នុងឃ្លាំងចំនួនជាង ៧លានដូស។
យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានឱ្យដឹងដែរថា មកដល់ពេលបច្ចុប្បន្ន កម្ពុជា ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត ៩៥ភាគរយ នៃចំនួនប្រជាពលរដ្ឋសរុប។ ក្នុងនោះ ដូសទី១ បានជាង ១៥លាននាក់, ដូសទី២ បានជាង ១៤លាននាក់, ដូសទី៣ បានជិត ១០លាននាក់, ដូសទី៤ បានជិត ៤លាននាក់ និងដូសទី៥ បានជាង ៦០ម៉ឺននាក់៕