គណៈរដ្ឋមន្ត្រី សម្រេចអនុម័តទាំងស្រុងលើសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១
ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ ត្រូវបានអនុម័តទាំងស្រុងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ ។
សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងខណៈដែលជំងឺកូវីដ-១៩ បាននិងកំពុងនាំមកនូវផលប៉ះពាល់ និងបញ្ហាប្រឈមជាច្រើន ដែលមិនធ្លាប់មានពីមុនមកទាំងក្នុងតំបន់ និងពិភពលោកទាំងមូល ដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ព្រមទាំងបានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្លាក់ចុះនូវប្រាក់ចំណូល។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលដាក់ជូនគណៈរដ្ឋមន្ត្រីពិនិត្យ និងអនុម័ត នៅថ្ងៃនេះ ដើម្បីរាជរដ្ឋាភិបាលអាចបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅរដ្ឋសភា នៅក្នុងសប្តាហ៍ទី១នៃខែវិច្ឆិកា ឆ្នាំ២០២០ តាមការកំណត់នៃមាត្រា៣៩នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ។
ឯកឧត្ដមបន្តថា ក្នុងនាមថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ បានសំដែងនូវសេចក្តីដឹងគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេច ឯកឧត្តម លោកជំទាវ ជាសហសេវឹក នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ នៃក្រសួងស្ថាប័នទាំងអស់ដែលបានផ្តល់នូវកិច្ចសហការ សហប្រតិបត្តិការល្អ និងការយោគយល់ខ្ពស់ ដល់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងអំឡុងពេលនៃ ការចរចា ថវិកាកន្លងមក។ នេះជាកាយវិការសំដែងនូវឆន្ទៈរួមគ្នា កាន់តែខ្ពស់ គឺដើម្បីការពារ និងគាំទ្រ បុព្វហេតុ និងគោលដៅ ដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ខណៈដែលប្រទេសជាតិកំពុងស្ថិតនៅក្នុងបរិការណ៍លំបាកនៃវិបត្តិជំងឺកូវីដ១៩ ហើយនៅពេលនេះទៀតគ្រោះទឹកជំនន់កំពុងគ្របសង្កត់ទៅលើជីវភាពប្រជាពលរដ្ឋ និងហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច ផលិតកម្ម នៅក្នុងប្រទេសយើងជាច្រើនខេត្ត។ លើមូលដ្ឋាននេះ អាចនិយាយបានថា ការសម្រេចបាននូវសេចក្តីព្រាងច្បាប់ ថវិកា ឆ្នាំ២០២១នេះ ជាសមិទ្ធផលរួមរបស់យើងដែលកើតចេញពីស្មារតីសហការល្អ សាមគ្គីភាពផ្ទៃក្នុងរឹងមាំ និងការយោគយល់ខ្ពស់ដោយតម្កល់អាទិភាព នៃគោលនយោបាយរបស់រាជរដ្ឋាភិបាល និងផលប្រយោជន៍ជាតិធំ។
ថវិកាឆ្នាំ២០២១ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈមជាច្រើន ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត៕