សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន នៅថ្ងៃទី២៤មេសា ខាងមុខនេះ
ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ប្រទេសព្រុយ ណេដារ៉ូសាឡឹម ជាប្រធានអាស៊ាននាពេលបច្ចុប្បន្ន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំរបស់មេដឹកនាំអាស៊ាន ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ២០២១ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១។
ក្រសួងការបរទេសកម្ពុជាបានបន្តថា អញ្ជើញអមដំណើរ សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាលមួយចំនួនផងដែរ។
នៅក្នុងឱកាសកិច្ចប្រជុំនេះ មេដឹកនាំអាស៊ានរំពឹងថានឹងផ្តោតការយកចិត្តទុកដាក់ទៅលើប្រធានបទធំៗចំនួនបីគឺ ការជំរុញដំណើរការកសាងសហគមន៍អាស៊ាន រួមទាំងគំនិតផ្តួចផ្តើមនានាដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ និងកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ទំនាក់ទំនងអាស៊ានជាមួយដៃគូក្រៅតំបន់ និងការវិវត្តនៃស្ថានការណ៍អន្តរជាតិ និងក្នុងតំបន់ ដែលជាផលប្រយោជន៍ និងការបារម្ភរួម។
នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងអញ្ជើញចូលរួមកម្មវិធីអាហារស្វាគមន៍ពេលល្ងាច ដែលរៀបចំឡើងដោយលោកជំទាវ រ៉េតណូ ម៉ាស៊ូឌី រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី នៅល្ងាចមុនថ្ងៃប្រជុំមេដឹកនាំអាស៊ាន៕