ស្វែងយល់ពី ពិធីបុណ្យភ្ជុំបិណ្ឌ
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ដែលប្រារព្ធធ្វើឡើងរយៈពេល ១៥ថ្ងៃ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ … និងថៃ្ងបញ្ចប់ គឺជាថៃ្ង “ភ្ជុំបិណ្ឌ”។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម។
បើតាមតម្រាចារតាមប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជាយើង បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបុរាណកាលមកម្ល៉េះ។ ប៉ុន្តែកាលពីសម័យមុនគេមិនហៅថា បុណ្យភ្ជុំទេ ដោយនៅក្នុងពិធីនេះគេមានបែងចែកចេញជាពីរថ្នាក់។ ថ្នាក់ដំបូង គឺគេចាប់ផ្ដើមធ្វើចាប់ពីថ្ងៃ ១រោច រហូតដល់ថ្ងៃ១៤រោច ជាវារកភត្ត (ភត្តធ្វើតាមថ្ងៃ) ជាបន្តបន្ទាប់។ ចំណែកមួយថ្នាក់ទៀតគេធ្វើនៅថ្ងៃ ១៥រោច ដែលគេហៅថាបុណ្យភ្ជុំ។ ពិធីបុណ្យទាំងពីរថ្នាក់នេះ បច្ចុប្បន្នត្រូវបានយើងបូកបញ្ចូលគ្នា ហើយហៅកាត់ថា ពិធីបុណ្យបិណ្ឌភ្ជុំនេះឯង។
ប្រជាជនខែ្មរ ក៏តែងតែចងចាំ និងយល់គ្រប់ៗគ្នាថា “បុណ្យភ្ជុំបិណ្យ” គឺជាការធ្វើបុណ្យដាក់បិណ្ឌ ដើម្បីឧទ្ទិសដល់ បេតបុគ្គលជាឪពុក ម្តាយ បងប្អូន ញាតិសន្តានទាំងឡាយ ដែលបានចែកស្ថានទៅ ហើយ មិនដឹងជាទៅចាប់កំណើតនៅលោកខាងមុខជាអ្វីនោះ។ ប៉ុនែ្តបើ តាមអត្ថបទរបស់ លោក សុង ស៊ីវ វិញការធ្វើបុណ្យភ្ជុំបិណ្ឌ ពុំមែនមានន័យតែប៉ុណ្ណឹងទេ គឺលោកបានបកស្រាយដោយលើកយកអត្ថន័យចំនួន ៣ គឺ :
- ដើម្បីឧទិ្ទសកុសលចំពោះបេតបុគ្គល ឬប្រេតបុគ្គល (ពាក្យ “បេត” ជាពាក្យបាលី ឯពាក្យ “ប្រេត” ជាពាក្យសំស្រ្កឹត)
- ដើម្បីឲ្យបានសេចក្តីសុខចម្រើន សិរីសួស្តីដែលកើតពីផលទានរបស់ខ្លួន។
- ដើម្បីបង្កើតសាមគ្គីរបស់ជាតិ គឺការស្រុះស្រួលគ្នាទាំងពេលវេលាកំណត់ទាំងការធ្វើនំគម អន្សម ពេញទូទាំង ព្រះរាជាណាចក្រកម្ពុជា យើងក៏អាចកត់សម្គាល់ នូវពាក្យមួយទៀតថា “បុណ្យសែនដូនតា” ដែលជាពាក្យសាមញ្ញសម្រាប់ប្រជារាស្រ្តខ្លះ ព្រោះថាពាក្យទាំងពីរគឺមានន័យដូចគ្នា។
កាលពីសម័យបុរាណកាល គេធ្វើពិធីបុណ្យនេះគឺដើម្បីរៀបចំធ្វើសង្ឃភត្ត ទំនុកបម្រុងព្រះសង្ឃដែលគង់ចាំវស្សាក្នុងវត្តរយៈពេល៣ខែ ចាប់តាំងពីថ្ងៃចូលវស្សារហូតដល់ថ្ងៃចេញវស្សា។ នៅក្នុងចំណេរកាលបុរាណបានចារថា ដោយនៅក្នុងរដូវវស្សាមានភ្លៀងធ្លាក់ជោកជាំ រលឹមពព្រិច ធ្វើឲ្យមានការលំបាកដល់ព្រះសង្ឃក្នុងពេលធ្វើគោចរបិណ្ឌបាត។ ហេតុដូច្នេះ ទើបបណ្ដាពុទ្ធបរិស័ទនាំគ្នារៀបចំពិធីនេះ ដើម្បីផ្គត់ផ្គង់ព្រះសង្ឃប្រចាំថ្ងៃរហូតដល់ថ្ងៃចេញវស្សា។ ម្យ៉ាងវិញទៀត នៅក្នុងពិធីបុណ្យនេះ គឺធ្វើឡើងដើម្បីផ្សាយឧទ្ទិសកុសលដល់ពពួកបេតជនញាតិ និងញាតិទាំង៧សណ្ដាន ព្រមទាំងតំណញាតិច្រើនមហាកប្បនោះផងដែរ តាមរយៈអនុភាពនៃសង្ឃគតាទក្ខិណាទាន ដែលរស់រងទុក្ខវេទនា កើតជាប្រេតមានកម្មពៀរ ជាប់ទោសធ្ងន់ រងកម្មក្រហល់ក្រហាយអត់ឃ្លានទាំងអស់នោះ បានរួចផុតពីក្ដីលំបាកសោកសៅ។
ម្យ៉ាងទៀតប្រជាជនខ្មែរប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌដោយសារតែពួកគេបានជំនឿយ៉ាងមុតមាំតាមបណ្ដាំចាស់ៗដែលពោលណែនាំនិងអនុវត្តជារៀងរាល់ឆ្នាំតៗគ្នាមក។ គេជឿថាសាច់ញាត្តិដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូនជីតា បងប្អូនកូនចៅ ញាតិកាទាំង៧សន្ដាននោះ ដែលខ្លះមានបាបកម្មត្រូវទទួលទោសនៅឋាននរកកើតជាប្រេត កើតជាអបាយភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋាន មនុស្សមិនអាចមើលឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ។ លុះដល់រដូវបុណ្យគេដោះលែងឲ្យមក ទទួលផល្លានិសង្ឃដែលសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឲ្យ។ ប្រជាជនខ្មែរជឿថាព្រលឹងរបស់អ្នកទាំងនោះនឹងមកដល់វត្តអារាមហើយ ទទួលការផ្ដល់ជូនពីសាច់ញាត្តិឫកូនចៅរបស់ពួកគេតាមរយះការអធិដ្ឋានដោយព្រះសង្ឃ។ ម្យ៉ាងទៀតគេខ្លាចជីដូនជីតាដាក់ប្រទេចបណ្ដា សាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្តហើយនៅមិនឃើញសាច់ញាត្តិធ្វើបុណ្យឧទ្ទិសឲ្យ។ មួយវិញទៀតគេសង្ឃឹមថាកុសល ផលបុណ្យដែលគេបានធ្វើនៅជាតិនេះ នឹងធ្វើឲ្យគេទទួលបាននូវសេចក្ដីសុខ សេចក្ដីចំរើនរហូតដល់ជាតិក្រោយ។
ការប្រគេនចង្ហានដល់ព្រះសង្ឃ ត្រូវបានធ្វើឡើងដើម្បីឧទិសកោសលឲទៅជីដូនជីតាង បងប្អូន និងញាតិទាំង៧សណ្តាន ដែលបានស្លាប់ក្លាយជាប្រេតហើយត្រួវបានជាប់ឃំនៅក្នុងនរក ។ ក្នុងការបើទ្វានរកនេះ ប្រេតខ្លះ មានឪកាសរួចផុតពីការជាប់ទារុណកម្មនៅនរក ខណៈដែលខ្លះទៀតត្រូវបានគេដោះលែងឲនៅក្រៅនរកជាបណ្តោះអាសន្នដើម្បីទៅទទួលយកនូវចំណី និងកោសលផលបុណ្យដែលកូនចៅបានឧទិសឲ ហើយនឹងត្រូវត្រឡប់ទៅទទួលទុក្ខវេទនានៅក្នុងនរកបន្តទៀត បន្ទាប់ពីពិធីភ្ជុំបិណ្ឌនេះត្រូវបានបញ្ចប់។ ចំពោះញាតិសណ្តានដែលមិនបាននៅក្នុងនរកក៏ដោយក្តី ក៏ត្រូវបានគេចាត់ទុកថាអាចទទួលបាននូវកោសលពីពិធីការឧទិសក្នុងពិធីបុណ្យនេះផងដែរ។
ដោយហេតុពុទ្ធសាសនិកមានការមមាញឹកចំពោះកិច្ចានុកិច្ចប្រចាំថៃ្ងនិងដើម្បីធានាថាព្រះសង្ឃត្រូវបានផ្គត់ផ្គង់ជាទៀងទាត់នោះទើបគេចែកជាក្រុមៗដាក់វេណគ្នាយកទេយ្យទានទៅប្រគេនព្រះសង្ឃរយៈពេល១៤ថៃ្ងចាប់ពីថៃ្ង១រោចដល់ថៃ្ង១៤រោចខែភទ្របទហើយអោយឈ្មោះថាវេណទី១.វេណទី១៤។រយៈពេល១៤ថៃ្ងនេះអោយឈ្មោះថាបុណ្យកាន់បិណ្ឌឬបុណ្យដាក់បិណ្ឌ ចំណែកថ្ងៃ១៥រោចដែលជាថ្ងៃចុងក្រោយនោះពុទ្ធសាសនិកពីគ្រប់វេណទាំងអស់បានមកជួបជុំគ្នាធ្វើទានចំពោះសង្ឃជាមួយគ្នាដើម្បី បញ្ចប់បុណ្យកាន់បិណ្ឌថ្ងៃទី១៥ត្រូវនឹងថ្ងៃ១៥រោចខែភទ្របទដែលជាថ្ងៃចុងក្រោយនេះអោយឈ្មោះថា ភ្ជុំបិណ្ឌ ឬថ្ងៃភ្ជុំបិណ្ឌ។
សូមបញ្ជាក់ដែរថា ក្នុងថ្ងៃបុណ្យភ្ជុំ មានរៀបចំកញ្ចប់ចតុប្បច្ច័យ (ស៊ង) ប្រគេនគ្រប់ភិក្ខុសាមណេរ។ ឯគណៈកម្មការវត្តបានចាត់ចែងនំអន្សម នំគម និងបាយបត្តបូរឲ្យទៅសិស្សគណទុកប្រគេនភិក្ខុសាមណេរតាមចំណែក សម្រាប់ធ្វើចង្ហាន់នៅព្រឹកថ្ងៃបន្ទាប់៕