សម្ដេចតេជោ ហ៊ុន សែន អំពាវនាវដល់អ្នកសារព័ត៌មានបន្តខិតខំផ្ដល់ព័ត៌មានពិតទៅកាន់ពលរដ្ឋ ពិសេសវិធានការផ្សេងៗ ក្នុងរិបត្តិកូវីដ-១៩នេះ
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់បន្តការខិតខំប្រឹងប្រែងផ្ដល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយពន្យល់សារអប់រំ និងវិធានការផ្សេងៗ របស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងអំឡុងពេលនៃវិបត្តិកូវីដ-១៩។
តាមរយៈសារលិខិតសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ក្នុងឱកាស «ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី២៨ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ បានលើកឡើងថា ស្ថិតក្នុងកាលៈទេសៈដ៏លំបាកប្រកបដោយគ្រោះថ្នាក់នេះ សូមឲ្យអ្នកសារព័ត៌មានទាំងអស់បន្តការខិតខំប្រឹងប្រែងក្នុងការផ្ដល់ព័ត៌មានពិតទៅកាន់ប្រជាពលរដ្ឋ ជាពិសេសផ្សព្វផ្សាយពន្យល់សារអប់រំ និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ៣កុំ ៣ការពារ ព្រមទាំងវិធានការរបស់រាជរដ្ឋាភិបាល ស្ដីពីវិធានការការបិទខ្ទប់ប្រជាពលរដ្ឋមិនឲ្យចេញពីផ្ទះនៅក្នុងតំបន់ហាមឃាត់ ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ នឹងឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឲ្យបានឆាប់ក្នុងពេលដ៏ខ្លីខាងមុខ។
សម្ដេចតេជោ បញ្ជាក់ថា ការខិតខំរបស់រាជរដ្ឋាភិបាលតែម្នាក់ឯងពិតជាមិនអាចទទួលបានជោគជ័យដោយគ្មានការចូលរួមពីស្ថាប័នសារព័ត៌មាន និងងប្រជាពលរដ្ឋនោះទេ។ ដូច្នេះសូមបងប្អូនចូលរួមអនុវត្តតាមវិធានការរបស់រាជរដ្ឋាភិបាល និងវិធានការបង្ការជំងឺឆ្លងកូវីដ-១៩ របស់ក្រសួងសុខាភិបាល ឲ្យបានខ្ជាប់ខ្ជួន និងបន្តចូលរួមក្នុងយុទ្ធការនាការចាក់វ៉ាក់សាំងកូវីដ-១៩ឲ្យ បានជាទូទៅ។
សម្ដេចតេជោ បន្តថា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺជាជម្រើសដ៏ល្អមួយរួមជាមួយនឹងការអនុវត្តវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ព្រមទាំងការផ្លាស់ប្ដូររបៀបរស់នៅមានវិន័យតាមបែបគន្លងថ្មី ដែលអាចជយយការពារឲ្យប្រជាពលរដ្ឋយើងរួចផុតពិការឆ្លងជំងឺកូវិ ដ-១៩ ក៏កាចសាហាវ ដើម្បីឈានទៅបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ឆ្នាំ២០២១ នៅពេលឆាប់ៗខាងមុខនេះ និងកាត់ផ្ដាច់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅថ្ងៃអនាគត។
ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានរំលឹកជាថ្មីម្ដងទៀតដល់បងប្អូនអ្នកសារព័ត៌មានជាតិ និងអន្តរជាតិដែលកំពុងបំពេញភារកិច្ចលើវិស័យព័ត៌មាននៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅទូទាំងសកលលោកសូមយកចិត្តទុកដាក់អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ក្រមសីលធម៌ វិជ្ជាជីវៈជៀសវាងគិតតែប្រយោជន៍ផ្ទាល់ខ្លួនហើយបំពានទៅលើសិទ្ធិបុគ្គលឯកជនដោយផ្សព្វផ្សាយព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ញុះញង់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកើតមានភាពវឹងវរចលាចលនៅក្នុងសង្គម។ ទន្ទឹមនេះក៏សូមបន្តចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយធ្វើការផ្សព្វផ្សាយព័ត៌មានពិត ដើម្បីបន្សាបព័ត៌មានក្លែងក្លាយដែលបង្កឡើងដោយជនអគតិ ដែលតែងតែប្រឆាំងនឹងការរស់ឡើងវិញរបស់ប្រជាជនកម្ពុជា និងជនទុច្ចរិតដែលស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួនជ្រកក្រោមស្លាកសារព័ត៌មានធ្វើសកម្មភាពខុសច្បាប់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ កិត្យានុភាពរបស់ស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានអាជីពដែលមិនអាចអត់ឱនបាន៕