ភស្តុតាងបង្ហាញថា ចលនាមាតាធម្មជាតិរៀបចំផែនការញុះញង់ និងចលាចលសង្គម បម្រើឱ្យផែនការបដិវត្តន៍ពណ៌នៅកម្ពុជា ក្រោមលេសបរិស្ថាន និងធនធានធម្មជាតិ
ភ្នំពេញ៖ យោងតាមឯកសារ និងភស្តុតាងមួយចំនួនដែលបង្ហោះនៅលើ Facebook មួយឈ្មោះ «កម្ចាត់ជនក្បត់» បានបង្ហាញពីផែនការធ្វើសកម្មភាពខុសច្បាប់ របស់ក្រុមចលនាមាតាធម្មជាតិ បង្ហោះនៅល្ងាចថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ។
Facebook «កម្ចាត់ជនក្បត់» បានសរសេររៀបរាប់យ៉ាងដូច្នេះថា ក្រុមចលនាមាតាធម្មជាតិដែលដឹកនាំ ដោយជនជាតិអេស្ប៉ាញឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន ដែលធ្វើសកម្មភាពដោយគ្មានច្បាប់នៅកម្ពុជា បានចូលរួមយ៉ាងសកម្មនៅក្នុងការអនុវត្តផែនញុះញង់ និងបង្កចលាចលសង្គមធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្រោមលេសបរិស្ថាន និងធនធានធម្មជាតិ។
សកម្មភាពខុសច្បាប់ទាំងនេះ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ហើយនៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ក្រុមចលនាមាតាធម្មជាតិដែលរួមមាន ជនជាតិអេស្បាញឈ្មោះអាឡិច ហ្គន់សាឡេស ដេវិតសុន និងយុវជន៤រូប ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមរកឃើញថា មានពិរុទ្ធភាពពីបទញុះញង់ និងបង្កចលាចលសង្គមហើយបានសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារពី១៨ ខែដល់២០ខែនិងបង់ប្រាក់ពិន័យ ៤លានរៀលក្នុងម្នាក់ៗ។ ជនជាប់ចោទឈ្មោះ អាឡិច និងថុន រដ្ឋា ត្រូវបានកាត់ទោសជាប់ពន្ធនាគារយៈពេល២០ខែ ចំណែកយុវជនចលនាធម្មជាតិ ៣ នាក់ទៀតជាប់ពន្ធនាគារ ១៨ ខែរាប់ពីពេលចាប់ខ្លួន។
ឯកសារ បានបង្ហាញពីការរៀបចំផែនការរួមរបស់ក្រុមចលនាមាតាធម្មជាតិ តាំងពីឆ្នាំ២០១៧ និងឆ្នាំបន្តបន្ទាប់ដែលមានឈ្មោះ អាឡិច ហ្គន់សាឡេស ដេវិតសុន និងថុន រដ្ឋាជាអ្នកដឹកនាំ ព្រមទាំងសមាជិក ក្រុមមួយចំនួនទៀត។ ផែនការទាំងនោះរួមមានដូចជា ការរៀបចំការញុះញង់តវ៉ារបស់ប្រជាពលរដ្ឋនៅក្នុងគម្រោង ទំនប់វារីអគ្គិសនីសេសានក្រោម២ ផែនការនៃការតវ៉ាទាក់ទងនឹងកោះកុងក្រៅ និងបញ្ហាមួយចំនួនទៀត សកម្មភាពប្រឆាំងនឹងការវិនិយោគទុនចិននៅកម្ពុជាជាដើម ការនាំចូលមាសមកកម្ពុជា និងបញ្ហាខ្សាច់។ ក្រុមចលនាដែលធ្វើសកម្មភាព ដោយគ្មានច្បាប់នេះត្រូវបានរកឃើញថា បានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ នឹងថ្នាក់ដឹកនាំនិងក្រុមសកម្មជននៃអតីតគណបក្សសង្គ្រោះជាតិ។ អ្វីដែលជាផែនការញុះញង់នេះ ត្រូវបានមន្ត្រីជំនាញបញ្ជាក់ថា ជាផ្នែកមួយនៃការអនុវត្តផែនការចាស់របស់ក្រុមប្រឆាំងជ្រុលនិយម ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ស្របច្បាប់ក្រោមរូបភាពបដិវត្តន៍ពណ៌។
យោងតាមសារសន្ទនារវាងអាឡិច និងក្រុមយុវជននៃចលនាមាតាធម្មជាតិក្នុងប្រទេសកម្ពុជា ការធ្វើសកម្មភាពទាំងអស់ត្រូវបានរៀបចំផែនការច្បាស់លាស់ និងមានការគាំទ្រថវិកាពីក្រៅប្រទេស។ តាមសំឡេងសន្ទនា ថវិកាដែលពួកគេធ្វើសកម្មភាពត្រូវបានបង្វែរចេញពីសហរដ្ឋអាមេរិក។ រាលការធ្វើសកម្មភាព ក្រុមចលនាមាតាធម្មជាតិ ជាពិសេសអាឡិចបានធ្វើទំនាក់ទំនងជាប់ជាមួយបណ្តាញផ្សព្វផ្សាយបរទេស ដូចជាវិទ្យុអាស៊ីសេរី និងឌឹ ខេមបូឌា ដេលី ដើម្បីធ្វើការផ្សព្វផ្សាយបំពងសំឡេង លើបញ្ហាដែលពួកគេរៀបចំឡើង និងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។
បើតាមការបញ្ជាក់របស់មន្ត្រីស៊ើបអង្កេត សំណុំឯកសារភស្តុតាងនេះនៅមានច្រើនទៀត ហើយក៏កំពុងតែត្រូវបានបើកការស៊ើបអង្កេត លើសំណុំរឿងថ្មីដើម្បីចាត់វិធានការតាមផ្លូវច្បាប់បន្ថែមទៀតដែរ។
អ្នកឃ្លាំមើលសភាពនយោបាយកម្ពុជាបានកត់សម្គាល់ថា ការធ្វើសកម្មភាពរបស់ក្រុមចលនាមាតា ធម្មជាតិដែលគ្មានច្បាប់នៅកម្ពុជាដោយសហការជាមួយមន្ត្រី នៃអតីតគណបក្សសង្គ្រោះជាតិដូចជាគម្រោង តវ៉ាលើករណីកោះកុងក្រៅដោយមាន រ៉ុង ឈុន ចូលរួមនិងក្រោយមកធ្វើសកម្មភាពផ្សេងៗ រួមនឹងការកៀរ គរមនុស្សធ្វើបាតុកម្មទាមទារដោះលែង រ៉ុង ឈុន ដែលត្រូវបានចាប់ខ្លួនពីបទល្មើសជាក់ស្តែងញុះញង់ទាក់ ទងនឹងករណីបោះបង្គោលព្រំដែន គឺជាការធ្វើវិទ្ធង្សនាប្រឆាំងនឹងកម្ពុជា ការតវ៉ា និងបាតុកម្មផ្សេងៗដែលពួកគេ បានធ្វើនៅអំឡុងខែឧសភាដល់ ខែកញ្ញា ឆ្នាំ២០២០ គឺជាការព្យាយាមភ្ជាប់នឹងការបះបោរ នៅទីក្រុងហុងកុងនិង ប្រទេសថៃ ដែលជាការអនុវត្តផែនការចាស់របស់ពួកគេក្នុងការផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដែលពួកគេ មានបានរៀបចំផែនការតាំងពីយូរណាស់មកហើយ ជាពិសេសចាប់ពីឆ្នាំ២០១៣មក។ ដូច្នេះសកម្មភាពរបស់ ពួកគេគឺជាការបម្រើផែនការទុច្ចរិតសុទ្ធសាធក្រោមរូបភាពបំភ្លៃថា ក្រុមខ្លួនស្រឡាញ់ទឹកដីស្រឡាញ់បរិស្ថាន និងស្រឡាញ់ព្រៃឈើ។ ប៉ុន្តែតាមពិតគឺជាក្រុមបំពុលសង្គម និងក្រុមញុះញង់សង្គមតាមខ្សែញាក់ក្រុមប្រឆាំងនៅក្រៅប្រទេស។
អ្នកឃ្លាំមើលស្ថានការណ៍នយោបាយកម្ពុជាបានលើកឡើងថា ការអនុវត្តច្បាប់ប្រឆាំងនឹងក្រុមជន ញុះញង់បំបែកបំបាក់សង្គមគឺជាការត្រឹមត្រូវ ហើយអ្វីដែលពួកគេបានប្រព្រឹត្តគឺហួសមិនមែនជាសេរីភាពនៃការបញ្ចេញមតិឡើយ ប៉ុន្តែជាការអនុវត្តផែនការទុច្ចរិតបង្កចលាចលដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម យ៉ាងពិតប្រាកដដោយយកបញ្ហាបរិស្ថាននិងធនធានធម្មជាតិធ្វើជាលេសបិទបាំងអំពើទុច្ចរិតរបស់ពួកគេ៕