ពលរដ្ឋស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៤លាន ទទួលបានអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានរកឃើញអ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី៤លាន គឺលោក សូ សយ អាយុ ៦៥ឆ្នាំ គាត់ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹង ស្រុកបុទុមសាគរ ខេត្តកោះកុង។
នៅព្រឹកថ្ងៃទី២៩មិថុនានេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងគ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់លោក សូ សយ ដែលជាអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៤លាន តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី។
សូមជម្រាបជូនថា កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសលើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា «កាលពីថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ ២០២១ យើងចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ចំនួន៣លាននាក់។ ថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០២១ នេះយើងចាក់បានជាង៤លាននាក់ក្នុងចំណោមមនុស្ស១០លាននាក់ ដែលត្រូវចាក់ ក្នុងនោះយើងបានរកឃើញមនុស្សដែលទទួលដូសទី៤លាន គឺបានទៅប្អូនប្រុសឈ្មោះសូ សយ អាយុ៦៥ឆ្នាំ ជាអតីតយុទ្ធជន និងជាយុទ្ធជនពិការជើងឆ្វេងដែលសព្វថ្ងៃរស់នៅភូមិប្រទាល ឃុំអណ្តូងទឹក ស្រុកបុទុមសាគរ ខេត្តកោះកុង។»
សម្ដេចតេជោ បានចូលរួមអបអរសាទរ និងសម្រេចជួយឧបត្ថម្ភនូវថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតដូចមនុស្សទី១លាន ទី២លាន និងទី៣លានផងដែរ។ ជាមួយគ្នានេះដែរ សម្ដេចតេជោបានថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមគ្រូពេទ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទដែលបានខិតខំចាក់វ៉ាក់សាំងជូនប្រជាជនយើង។ សម្ដេចតេជោ ក៏បានអរគុណផងដែរចំពោះមិត្តចិនដែលបានជួយផ្គត់ផ្គង់វ៉ាក់សាំងដល់កម្ពុជា ដែលធ្វើអោយកម្ពុជាឈានទៅសម្រេចបាននូវការចាក់វ៉ាកសាំង៤០ភាគរយនៃចំនួនដែលត្រូវចាក់។ ប្រសិនបើកុំមានជំនួយឧបត្ថម្ភពីមិត្តចិនទេមកដល់ពេលនេះកុំថាឡើយយើងចាក់បាន៤លាននាក់ សូម្បីតែ២០ម៉ឺននាក់ក៏យើងមិនអាចចាក់បានផង ហើយយើងច្បាស់ជាកំពុងស្ថិតនៅក្នុងវិបត្តិអត់វ៉ាក់សាំងដែលគ្មានច្រកចេញ។
សូមបញ្ជាក់ជូនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានផ្ដល់ជំនួយឧបត្ថម្ភទឹកប្រាក់លើកទឹកចិត្តដល់អ្នកចាក់វ៉ាក់សាំង ៣លើករួចមកហើយដោយ៖ អ្នកចាក់វ៉ាក់សាំងទី១លាន បានទៅលើលោក ប៉ាន់ សុវណ្ណរិទ្ធ, អ្នកចាក់វ៉ាក់សាំងទី២លាន បានទៅលើកម្មការរិនីរោងចក្រ ទិត ចិន្តា និងអ្នកចាក់វ៉ាក់សាំងទី៣លាន បានទៅលើឈ្មោះ លោកស្រី ស៊ុ សំអឿន៕