រាជរដ្ឋាភិបាលកម្ពុជា ប្រកាសទទួលបន្តបង់ថ្លៃសិក្សាសម្រាប់និស្សិតកម្ពុជា ០៦រូប ដែលកំពុងសិក្សានៅបណ្ឌិតសភាយោធាអាមេរិក
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១នេះ បានប្រកាសទទួលបន្តបង់ថ្លៃសិក្សានិស្សិតកម្ពុជា ចំនួន ០៦រូបដែលកំពុងសិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួនជាស្ថាពរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា ភាគីសហរដ្ឋអាមេរិក បានបញ្ឈប់ការបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន ០៦រូប ដែលកំពុងសិក្សានៅសហរដ្ឋអាមេរិក។ ដោយមើលឃើញពីការលំបាក របស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ដែលបណ្ដាលលមកពីការបញ្ឈប់នូវកាតព្វកិច្ច នៃការបង់ថ្លៃសិក្សាពីសំណាក់ ភាគីអាមេរិក និងនៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភាយោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជា ០៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួន ជាស្ថាពរ។
ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ៕