អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី៥លាន ទទួលបានអំណោយរបស់សម្តេចតេជោ ហ៊ុន សែន
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) បាននាំយកជំនួយឧបត្ថម្ភថវិកាចំនួន ១០លានរៀល និងសម្ភារៈឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ទៅប្រគល់ជូនដល់ជ័យលាភីចាក់វ៉ាក់សាំងកូវីដ-១៩ លេខរៀងទី ៥លាន។
អ្នកដែលស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ-១៩ ទី ៥លាន មានឈ្មោះ លោក ណុប មាន អាយុ ៧០ឆ្នាំ ជាកសិករ សព្វថ្ងៃរស់នៅភូមិសែនសំ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។
សូមបញ្ជាក់ជូនថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្លាប់បានផ្ដល់ជំនួយឧបត្ថម្ភទឹកប្រាក់លើកទឹកចិត្តដល់អ្នកចាក់វ៉ាក់សាំង ៤លើករួចមកហើយដោយ៖ អ្នកចាក់វ៉ាក់សាំងទី១លាន បានទៅលើលោក ប៉ាន់ សុវណ្ណរិទ្ធ, អ្នកចាក់វ៉ាក់សាំងទី២លាន បានទៅលើកម្មការរិនីរោងចក្រ ទិត ចិន្តា, អ្នកចាក់វ៉ាក់សាំងទី៣លាន បានទៅលើឈ្មោះ លោកស្រី ស៊ុ សំអឿន និងអ្នកចាក់វ៉ាក់សាំងទី៤លាន បានទៅលើឈ្មោះ សូ សយ អាយុ ៦៥ឆ្នាំ គាត់ជាអតីតយុទ្ធជន៕