សម្ដេចតេជោ ហ៊ុន សែន ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យ អាយុចាប់ពី ១២ ដល់១៧ឆ្នាំ នៅថ្ងៃទី១ សីហាខាងមុខនេះ
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារអាយុចាប់ពី១២ឆ្នាំ ដល់១៧ឆ្នាំ ដោយធ្វើការចាក់ជូនក្នុងរាជធានីភ្នំពេញដំបូងគេ និងប្រើជាយុទ្ធសាស្ត្រផ្ការីក។ យុទ្ធនាការនេះនឹងចាប់ផ្ដើមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បែបនេះ ខណៈដែលសម្ដេចអញ្ជើញចូលរួមពិធីប្រគល់ និងទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលជាជំនួយរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ជូនមកកម្ពុជា នៅយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២១។
សម្ដេចតេជោបន្តទៀតថា សម្ដេចនឹងនាំចៅៗរបស់សម្ដេចដែលមានអាយុលើសពី ១២ឆ្នាំ ទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ មុនគេនៅមន្ទីរពេទ្យកាល់ម៉ែត្រ បន្ទាប់មកសម្ដេចតេជោ ក៏ធ្វើសន្និសីទកាសែតនៅទីនោះផងដែរ៕
អត្ថបទទាក់ទង