គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    សម្តេចពញាចក្រី ហេង សំរិន ៖ បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច  នៅក្រោយវិបត្តិជំងឺកូវីដ-១៩

    ដោយ៖ យូ វីរៈ​​ | ថ្ងៃចន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១​ |
    សម្តេចពញាចក្រី ហេង សំរិន ៖ បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច  នៅក្រោយវិបត្តិជំងឺកូវីដ-១៩ សម្តេចពញាចក្រី ហេង សំរិន ៖ បច្ចេកវិទ្យាឌីជីថលដើរតួនាទីសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច  នៅក្រោយវិបត្តិជំងឺកូវីដ-១៩

    ភ្នំពេញ​៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ទៅកាន់មហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤២ ដែលសភាប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះ តាមប្រព័ន្ធនិម្មិត (Virtual Meeting) ដែលផ្សាយចេញពីរាជធានីបានដាស៊េរីបេហ្កាវ៉ាន់ នៃព្រះរាជាណាចក្រព្រុយណេដារូស្សាឡាម នៅរសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១នេះថា ស្ថិតក្នុងកាលៈទេសៈសព្វថ្ងៃនេះ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាឌីជីថល ត្រូវបានគេមើលឃើញថា កំពុងដើរតួនាទីកាន់តែសំខាន់ ក្នុងការជំរុញសន្ទុះនៃកំណើនសេដ្ឋកិច្ចឡើងវិញនៅក្រោយវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាជំរុញកំណើនសេដ្ឋកិច្ចថ្មី ប្រកដោយចីរភាព និងភាពធន់ជាងមុន ទៅនឹងវិបត្តិផ្សេងៗ។

    សម្តេចបានគូសបញ្ជាក់ថា ពិភពលោកក្នុងបរិការណ៍នៃបដិវត្តឧស្សាហកម្មជំនាន់ទី៤ កំពុងមានការរីកចម្រើន និងវិវឌ្ឍយ៉ាងឆាប់រហ័ស លើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាឌីជីថល។

    មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ក្រោមមូលបទ “ជំរុញកិច្ចសហប្រតិបត្តិការសភាក្នុងការបញ្ចូលឌីជីថលឆ្ពោះទៅសហគមន៍អាស៊ាន ២០២៥”។ ក្នុងសុន្ទរកថាថ្លែងទៅកាន់មហាសន្និបាតជាមួយថ្នាក់ដឹកនាំសភាប្រទេសសមាជិកAIPAទំាង១០ សម្តេចប្រធានរដ្ឋសភាបានកោតសរសើរចំពោះក្រុមប្រឹក្សានីតិប្បញ្ញត្តិនៃប្រទេសព្រុយណេដារូស្សាឡាម ជាពិសេស ឯកឧត្តម ប៉េហ៊ីន ដាតូ អាបឌុល រ៉ាម៉ាន ទីប ប្រធានមហាសន្និបាតអាយប៉ាលើកទី៤២ ដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ខ្ពស់ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការសភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥។

    សម្តេចបានគូសបញ្ជាក់ថា សម្រាប់កម្ពុជាវិញ កាលពីពេលថ្មីៗនេះ រាជរដ្ឋាភិបាល បានដាក់ចេញនូវ “ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថល ឆ្នាំ២០២១-២០៣៥” ក្នុងការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក សំដៅជំរុញការទទួលយក និងការធ្វើបរិវត្តកម្មឌីជីថល។ គោលនយោបាយនេះ នឹងជួយជំរុញការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

    ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអំពាវនាវដល់អាស៊ាននិងអាយប៉ា ជំរុញនិងលើកកម្ពស់ឌីជីថលរូបនីយកម្ម ដែលជាកាលានុវត្តភាពដ៏សំខាន់ និងចាំបាច់ក្នុងការជំរុញការងើបឡើងវិញ នៃសេដ្ឋកិច្ចថ្មី និងការលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី។ សម្តេចបានស្នើដល់អ្នកពាក់ព័ន្ធ ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការតំបន់លើការតភ្ជាប់ឌីជីថល ការធ្វើពាណិជ្ជកម្មឌីជីថលឆ្លងកាត់ព្រំដែន សន្តិសុខ និងសុវត្ថិភាពនៃលំហូរទិន្នន័យ សន្តិសុខប្រព័ន្ធអ៊ីនធ័រណែត និងការធ្វើឌីជីថលូបនីយកម្មប្រកបដោយបរិយាប័ន្ន។

    ឆ្លៀតនៅក្នុងឱកាសនេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគោរពអញ្ជើញសមាជិកអន្តរសភាអាស៊ានទំាងអស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ នាចុងឆ្នាំនេះផងដែរ។

    សូមជម្រាបថា អន្តរសភាអាស៊ាន ដែលហៅកាត់ថា អាយប៉ា(AIPA) ជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម។

    អន្តរសភាអាស៊ាន ជាការប្រមូលផ្តុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។ មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេននៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។

    នៅឆ្នាំ២០២២ ខាងមុខនេះ សភានៃព្រះរាជាណាចក្រកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ មហាសន្និបាត លើកទី៤៣។ ពិធីប្រគល់តួនាទីជាប្រធានប្តូរវេនAIPA ដល់សភាកម្ពុជានឹងប្រារព្ធធ្វើនៅចុងបញ្ចប់នៃពិធីបិទមហាសន្និបាតAIPA លើកទី៤២ នេះ៕

     

    អត្ថបទទាក់ទង