សម្តេចតេជោអំពាវនាវស្ថាប័នតុលាការពិនិត្យពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២០កញ្ញានេះ បានអំពាវនាវឲ្យស្ថាប័នតុលាការពិនិត្យ ពិចារណាបញ្ឈប់ដីកាចាប់ខ្លួនលោកបណ្ឌិត សេង សារី ។
តាមរយៈហ្វេសប៊ុកផ្លូវការនៅព្រឹកនេះសម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ក្រោយពីបានស្តាប់ដោយយកចិត្តទុកដាក់ នូវការសម្ភាសន៍របស់លោក បណ្ឌិត សេង សារី ជាមួយកាសែត The Cambodia Daily នៅថ្ងៃទី ១៨ កញ្ញា ២០២១ បកស្រាយពន្យល់អំពីគោលបំណង នៃការវិភាគអំពីសេនារីយោ ៦ ចំណុច កាលពីថ្ងៃទី២១ កក្កដា២០២១ ថា “ជាការវិភាគបែបសេនារីយោ” ហើយដែលការបកស្រាយនេះមានលក្ខណះសមហេតុផល និងអាចទទួលយក បានក្នុងនាមប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចសូមអំពាវនាវឱ្យស្ថាប័នតុលាការពិនិត្យ ពិចារណាក្នុងការបញ្ឈប់ដីកាចាប់ខ្លួនលោក បណ្ឌិត សេង សារី។
ទន្ទឹមនឹងនេះ សម្តេចក៏សូម លើកទឹកចិត្តឱ្យលោក បណ្ឌិត សេង សារី បន្តកិច្ចការស្រាវជ្រាវនិងវិភាគបញ្ហាសង្គមបន្តទៀតដើម្បីជាប្រយោជន៍ដល់កាសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រសង្គម។
សម្តេចក៏អំពាវនាវឱ្យភរិយា កូននិងឪពុកម្តាយរបស់បណ្ឌិត សេង សារី កុំឱ្យមានការព្រួយបារម្ភ។»
គួរបញ្ជាក់ថា ថ្មីៗ នេះ បណ្ឌិត សេង សារី បានឆ្លើយតបក្នុងបទសំភាសន៍ជាមួយវិទ្យុអាស៊ីសេរីជុំវិញសភាពការណ៍នយោបាយដែលទណ្ឌិត សម រង្ស៊ីបានអំពាវនាវអោយមានការបង្កើតរដ្ឋាភិបាលស្រោចស្រង់ជាតិ ឬរដ្ឋាភិបាលបង្រួបបង្រួមជាតិដោយលោកបណ្ឌិតបានលើកឡើងជាទស្សនៈនូវលទ្ធភាព៦ចំណុចដែលអាចទៅរួច ប៉ុន្តែទោះជាយ៉ាងណាលោកបណ្ឌិតថាផែនការ៦ចំណុចនេះមិនអាចទៅរួចព្រមគ្នានោះឡើយ៕