គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ២០ម៉ឺនដូស​

    ដោយ៖ យូ វីរៈ​​ | ថ្ងៃពុធ ទី២៩ ខែកញ្ញា ឆ្នាំ២០២១​ |
    នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ២០ម៉ឺនដូស​ នាយករដ្ឋមន្ត្រីឡាវ ផ្ញើលិខិតថ្លែងអំណរគុណរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាចំពោះការផ្ដល់ជំនួយវ៉ាក់សាំងចំនួន ២០ម៉ឺនដូស​

    ឯកឧត្ដម​ ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាន​ផ្ញើលិខិតសម្ដែងនូវការដឹងគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចតេជោ​ ហ៊ុន​ សែន​ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាចំពោះផ្ដល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន ២០ម៉ឺនដូស។

    ឯកឧត្ដម នាយករដ្ឋមន្ត្រីឡាវ បានគូសបញ្ជាក់ពីការជួយឧបត្ថម្ភគាំទ្រពីប្រទេសកម្ពុជា​ ក្នុងរយៈ​ពេលប៉ុន្មានឆ្នាំកន្លងទៅ ជាពិសេសក្នុងគ្រាដ៏លំបាក ដែលប្រទេសទាំងពីរ កំពុងប្រឈមនឹងការរីករាលដាលនៃជំងឺកូវីដ១៩ កម្ពុជានៅតែចែករំលែងដោយទឹកចិត្តសប្បុរសធម៌នូវអ្វីដែលកម្ពុជាមាន តាមរយៈ​ការផ្ដល់វ៉ាក់សាំង ស៊ីណូវ៉ាក់ ចំនួន​ ២០ម៉ឺនដូស ដល់​សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ឯកឧត្ដមបន្តថា កាយវិការនេះជាការរួចចំណែកជួយដល់ប្រទេសឡាវ​សម្រេចបានទិសដៅ ៥០ភាគរយ ក្នុងការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ប្រទេសឡាវនៅដំណាច់ឆ្នាំនេះតាមការគ្រោងទុក។

    ឯកឧត្ដម នាយករដ្ឋមន្ត្រី បន្តទៀតថា​ ជំនួយឧបត្ថម្ភដ៏មានតម្លៃនេះ ជាសក្ខីភាពបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងចំណងសាមគ្គីភាពដែលរដ្ឋាភិបាល និងប្រជាជនកម្ពុជាមានចំពោះ រដ្ឋាភិបាល និងប្រជាជនឡាវ ហើយក៏ជាអះអាងបញ្ជាក់ផងដែរពីចំណងមិត្តភាពជិតស្និទ្ធិ សាមគ្គីភាពយូអង្វែង និងភាពជាអ្នកជិតខាងល្អ ដោយផ្អែកលើភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសយើងទាំងពីរ ដែលត្រូវបានពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅប្រកបដោយផ្លែផ្កាថែមទៀត៕

    អត្ថបទទាក់ទង