សម្ដេចពញាចក្រី ហេង សំរិន៖ ២៣តុលា នាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍ ដល់សព្វថ្ងៃ
ភ្នំពេញ៖ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៣តុលា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ថ្ងៃទី២៣តុលា គឺជាថ្ងៃដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងមានការអភិវឌ្ឍជាតិដល់សព្វថ្ងៃ។
តាមរយៈហ្វេសប៊ុកសម្ដេចពញាចក្រី ហេង សំរិន បានសរសេរថា «អបអរសាទរខួប ៣០ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស
ថ្ងៃ ២៣ តុលា ឆ្នាំ២០២១ នេះ ជាខួប ៣០ ឆ្នាំ នៃថ្ងៃបង្កើតសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ឆ្នាំ១៩៩១) ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង បានមកដល់សព្វថ្ងៃនេះ។ សុខសន្តិភាពជាកក្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។»
ឆ្លៀតឱកាសនេះ សម្ដេចពញាចក្រី បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សំាងកូវីដ-១៩ សូមអញ្ជើញទៅទទួលវ៉ាក់សំាង ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបានបន្ត លើកទឹកចិត្តដល់ការចាក់វ៉ាក់សំាងជូនពលរដ្ឋដែលពុំទាន់បានចាក់ នៅតាមតំបន់ដាច់ស្រាយាល សហគមន៍ និងផ្ទះបងប្អូនតែម្តង សំដៅបង្កើតភាពសុំាសហគមន៌ ប្រឆំាងនឹងវីរុសកូវីដ-១៩ ហើយយើងអាចរស់នៅជាមួយវីរុសនេះបានតាមគន្លងថ្មី និងធ្វើឱ្យយើងមានលទ្ធភាពឈានទៅបើកប្រទេសពេញលេញឡើងវិញ នាពេលដ៏ឆាប់ខាងមុខនេះ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សំាងហើយក្តី បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។ សូមជនរួមជាតិទំាងអស់បានសូមបានប្រកបតែសុខសេចក្តី សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕