គេហទំព័រនេះនឹងដំណើរការកាន់តែប្រសើរប្រសិនបើអ្នកដាក់អោយដំណើរការ JavaScript
សំឡេងសន្តិភាព

    លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយសម្ដេចតេជោប្រគល់ជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ លេខរៀងទី ១០លាន

    ដោយ៖ យូ វីរៈ​​ | ថ្ងៃអង្គារ ទី២ ខែវិច្ឆិកា ឆ្នាំ២០២១​ |
    លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយសម្ដេចតេជោប្រគល់ជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ លេខរៀងទី ១០លាន លោកជំទាវ ឱ វណ្ណឌីន នាំយកអំណោយសម្ដេចតេជោប្រគល់ជូនអ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩ លេខរៀងទី ១០លាន

    សៀមរាប៖ អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លេខរៀងទី១០លាន បានទទួលជំនួយឧបត្ថម្ភ ថវិកាចំនួន ១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

    នៅរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង ក្នុងក្របខណ្ឌទូទាំងប្រទេស បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី រួមមានថវិកា១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ប្រគល់ជូន​អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លេខរៀងទី១០លាន គឺបានទៅលើ អ៊ុំស្រី សុខ ផាត់ អាយុ ៨៩ឆ្នាំ រស់នៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។

    នៅក្នុងឱកាសនោះលោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលបានមានប្រសាសន៍ថា លោកយាយ សុខ ផាត់ គឺជាអ្នកចុងក្រោយហើយដែលទទួលបាន​អំណោយដ៏ថ្លៃថ្លាសម្ដេចតេជោហ៊ុន​ សែន​ ក្នុងគោលដៅការចាក់វ៉ាក់សាំងកូវីដ១៩ជុំទី១ ចំនួន ១០លាននាក់​។

    ជាមួយគ្នានេះ លោកជំទាវបាន​អំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់ត្រូវរៀនរស់ជាមួយនឹងកូវីដ១៩ តាមគន្លងប្រក្រតីភាពថ្មី ដោយ​ប្រកាន់ភ្ជាប់នូវវិធានការសុខភិបាល និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុ​ន សែន​ នាយករដ្ឋមន្ត្រី គឺ «៣ការពារ ៣កុំ» បើទោះបីបាន​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ រួចហើយក្ដី។

    សូមបញ្ជាក់ថា​ សម្ដេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ធ្លាប់បាន​ផ្ដល់​ជំនួយឧបត្ថម្ភទឹកប្រាក់​លើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តចាក់វ៉ាក់សាំងចំនួន ៩លើករួចមកហើយ រួមមាន៖  ទី១ ឈ្មោះ ប៉ាន់ សុវណ្ណរិទ្ធ, ទី២ ឈ្មោះ ទិត ចិន្តា, ទី៣ ឈ្មោះ ស៊ុ សំអឿន, ​ទី៤ ឈ្មោះ សូ សយ , ទី៥ ឈ្មោះ ណុប មាន , ទី៦ ឈ្មោះ ផេង សឿន​, ទី៧ ឈ្មោះ ចាន់ យីម, ទី៨ ឈ្មោះ ថឹង ថា, ទី៩ ឈ្មោះ ព្រំ កួយ និងទី១០ នៅថ្ងៃនេះ ឈ្មោះ សុខ ផាត់ ដោយម្នាក់ៗទទួលបាន​ថវិកា ចំនួន​ ១០លានរៀល សម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន​ទៀត ៕

    រូបភាព៖ BTV Cambodia

    អត្ថបទទាក់ទង