ក្រសួងអប់រំ ណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សតែម្ដងគត់នៅថ្ងៃចូលរៀនដំបូង
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានណែនាំដល់គ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្ស តែម្តងគត់នៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីនោះអាចពិនិត្យក្នុងលក្ខខណ្ឌចាំបាច់ណាមួយ ដោយប្រើបណ្ណចាក់វ៉ាក់សាំងថតចម្លងជាការស្រេច។ នេះបើតាមសេចក្តីណែនាំ ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយនៅថ្ងៃទី០៣វិច្ឆិកានេះ។
សេចក្តីណែនាំបានបញ្ជាក់ថា ដោយសង្កេតឃើញថា នៅតាមគ្រឹះស្ថានសិក្សាមួយចំនួន បានតម្រូវឱ្យសិស្សានុសិស្ស ដាក់តាមខ្លួននូវបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជាពិសេសកុមារតូចៗ ដែលមិនទាន់ចេះថែទាំបណ្ណ ជាហេតុអាចបណ្តាលឱ្យខូចខាត ឬបាត់បង់បណ្ណ។ ដូច្នេះហើយ ក្រសួងអប់រំបានស្នើដល់គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាទាំងអស់ ត្រួតពិនិត្យបណ្ណចាក់វ៉ាក់សាំងរបស់សិស្សានុសិស្ស តែម្ដងគត់គឺនៅថ្ងៃចូលរៀនដំបូង បន្ទាប់ពីគ្រឹះស្ថានសិក្សាបើកដំណើរការឡើងវិញ ហើយនៅថ្ងៃបន្តបន្ទាប់ មិនចាំបាច់ត្រួតពិនិត្យ ឬតម្រូវឲ្យសិស្សានុសិស្សបង្ហាញបណ្ណចាក់វ៉ាក់សាំងទៀតទេ លើកលែងករណីចាំបាច់ណាមួយ សិស្សានុសិស្សអាចបង្ហាញច្បាប់ចម្លង ជាការស្រេច។ ជាមួយគ្នានេះ គ្រឹះស្ថានសិក្សាទាំងអស់ត្រូវណែនាំដល់សិស្សានុសិស្សឲ្យចេះថែរក្សាបណ្ណចាក់វ៉ាក់សាំងឲ្យបានត្រឹមត្រូវនៅតាមគេហដ្ឋានរៀងៗខ្លួន ហើយត្រូវថតចម្លងបណ្ណចាក់វ៉ាក់សាំងមួយសន្លឹកដាក់តាមខ្លួនជាប្រចាំ។
សូមជម្រាបជូនថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចចក្រកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ តាមរយៈសារសំឡេងពិសេសផ្ញើជូនអភិបាលរាជធានី-ខេត្ត និងមន្ត្រីអប់រំទាំងអស់ នៅទូទាំងប្រទេស ពិនិត្យ និងសម្របសម្រួលថតចម្លងបណ្ណចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់សិស្សប្រើប្រាស់ជំនួស បណ្ណដើម ដើម្បីចៀសវាងការខូចខាត ឬបាត់បង់ជាដើម។
សូមបញ្ជាក់ថា គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនគ្រប់កម្រិត បានបើកទ្វារឲ្យសិស្សចូលសិក្សាដោយផ្ទាល់វិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយសិស្សដែលចូលរៀនតម្រូវឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំង និងអនុវត្តតាមវិធានសុខាភិបាល ដូចជាពាក់ម៉ាស់ និងលាងសំអាតដៃជាដើម មុនពេលចូលសិក្សា៕