លទ្ធផលប្រឡងឌីប្លូមចេញហើយ សិស្សជិត ៩៦ភាគរយ ប្រឡងជាប់ ឆ្នាំនេះ
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសលទ្ធផលជាផ្លូវការ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម) ដោយកូនសិស្សជិត ៩៦ភាគរយបានប្រឡងជាប់នៅឆ្នាំនេះ ខណៈមានបេក្ខជនអវត្តមានចំនួន ៩ ២០២នាក់។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយថ្ងៃទី២៣វិច្ឆិកាឆ្នាំ២០២១ បានបញ្ជាក់ថា មានបេក្ខជនដល់ទៅ ១៤១ ០៥៦នាក់ ឬស្មើនឹង ៩៥,៩៧ភាគរយ បានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ក្នុងនោះមានយុវតី ៧៧ ៤៩៥នាក់។
ក្រសួងអប់រំឲ្យដឹងថា សិស្សានុសិស្សរហូតដល់ ១៥៤ ៨៩៩នាក់ (ស្រី ៨៣ ៨២៣នាក់) បានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ក្នុងនោះមានបេក្ខជនសរុប ១៤៥ ៦៦៨នាក់ (ស្រី ៧៩ ០៥៦នាក់) បានចូលរួមប្រឡង ខណៈមានបេក្ខជនអវត្តមានចំនួន ៩ ២០២នាក់។
សូមជម្រាបជូនដែរថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ សម័យប្រឡង ១៥ វិច្ឆិកា ២០២១ មានមណ្ឌលប្រឡងសរុប ១៧១៧ មណ្ឌល និងបន្ទប់សរុប ៧ ០៦៧ បន្ទប់៕