នាយករដ្ឋមន្រ្តីឡាវ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ នៅកម្ពុជា
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ឯកឧត្ដមបណ្ឌិត ផនខាំ វីផាវ៉ាន់ នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡើង បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់ព្រះរាជាណាចក្រកម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ(ថ្ងៃទី២៩-៣០វិច្ឆិកា២០២១)។
ការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមគម្រោង នៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ ឯកឧត្ដម នាយករដ្ឋមន្ត្រីឡាវ ផនខាំ វីផាវ៉ាន់ នឹងក្រាបថ្វាយបង្គំគាល់ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង។ ឯកឧត្ដមនាយករដ្ឋមន្ត្រីឡាវ ក៏នឹងចូលជួបសម្ដែងការគួរសមចំពោះ សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា។
សម្ដេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន និងឯកឧត្ដម ផនខាំ វីផាវ៉ាន់ នឹងមានកិច្ចប្រជុំពិភាក្សាលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី រួមទាំងការស្ដារសង្គម-សេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ បញ្ហាតំបន់ និងអន្តរជាតិនានា ដែលជាចំណាប់អារម្មណ៍ និងក្ដីបារម្ភ។